ទំព័រដើម / ការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច វគ្គជម្រុះជុំទី២
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ គណៈកម្មការសាលា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី៨ វគ្គជម្រុះជុំទី២ សម្រាប់សិស្សថ្នាក់ទី៧ ដល់ទី១២ តាមសាខារៀងៗខ្លួនដើម្បីស្វែងរកបេក្ខជនដែលពូកែជាងគេយកទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ។ កម្មវិធីប្រកួតនេះ ក្នុងគោលបំណងដើម្បីជំរុញស្មារតីសិស្សានុសិស្សឱ្យចូលចិត្តការអានសៀវភៅឱ្យបានច្រើន ដើម្បីលើកកម្ពស់ស្វ័យសិក្សា លើកកម្ពស់ការអានសៀវភៅជាការកម្សាន្តផ្លូវអារម្មណ៍ ដើម្បីទទួលបានចំណេះដឹង បង្កើននូវគំនិតទូលំទូលាយ ដឹងពីព័ត៌មាននៅជុំវិញខ្លួន យល់ដឹងពីពិភពលោកបានកាន់តែច្បាស់ ហើយធ្វើឱ្យពួកគេចេះពីវិធីសាស្ត្រក្នុងការអាន ការលើកដាក់សំឡេងត្រូវតាមឃ្លាប្រយោគ និងអានបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ។ តាមរយៈការប្រកួតនេះបានធ្វើឱ្យសិស្សានុសិស្សបង្កើនការយកចិត្តទុកដាក់ក្នុងការសរសេរត្រូវតាមអក្ខរាវិរុទ្ធ ពូកែលើសំណេរ តែងសេចក្តី និងឈានទៅរកភាពស្ទាត់ជំនាញក្នុងការតែងនិពន្ធទៀតផង ជាពិសេសគឺធ្វើឱ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្រកាន់តែពូកែជាងមុនលើមុខវិជ្ជាភាសាខ្មែរ ដើម្បីចូលរួមលើកកម្ពស់វិស័យអក្សរសាស្រ្តជាតិរបស់យើងទាំងអស់គ្នា។