ការលេងកីឡាផ្ដល់នូវគុណប្រយោជន៍ចំនួន៦ ចំពោះសុខភាពរាងកាយ

ទំព័រដើម / ការលេងកីឡាផ្ដល់នូវគុណប្រយោជន៍ចំនួន៦ ចំពោះសុខភាពរាងកាយ

អត្ថបទព័ត៌មានស្តីអំពីសុខភាព
ក្រោមប្រធានបទ “ការលេងកីឡាផ្ដល់នូវគុណប្រយោជន៍ចំនួន៦ ចំពោះសុខភាពរាងកាយ”
អត្ថបទដកស្រង់ដោយ៖ ម៉ាក់ ផល្លីម
#MJQE #AmericanInterconSchool

ការលេងកីឡាអាចជួយឱ្យអ្នកមានរាងស្អាត កើនចំណងមិត្តភាព មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន និងមានសុខភាពល្អ។ តាមរយៈការហ្វឹកហាត់កីឡាផ្សេងៗ អ្នកក៏អាចទទួលបានជំនាញនៅលើទីលាន របៀបដោះស្រាយបញ្ហាក្នុងជីវិតរស់នៅផងដែរ។ ជាពិសេស កីឡាកំពុងមានឥទ្ធិពលយ៉ាងខ្លាំងមកលើជីវិតប្រចាំថ្ងៃ និងសុខភាពរបស់យើង។ យោងតាមគេហទំព័រ Digit Insurance បានបង្ហាញអំពីអត្ថប្រយោជន៍ចំនួន៦ នៃការហាត់កីឡាចំពោះរាងកាយ៖

១. រក្សាទម្ងន់ឱ្យនៅថេរ : ការនៅទំនេរច្រើន គឺជាមូលហេតុចម្បងមួយ ដែលនាំឱ្យមនុស្សឡើងទម្ងន់ ព្រមទាំងអាចបណ្ដាលឱ្យមានជំងឺលើសឈាម និងជំងឺបេះដូងផងដែរ ។ ប៉ុន្តែការហាត់កីឡា នឹងជួយរក្សាទម្ងន់អ្នកឱ្យនៅថេរ និងមិនងាយឡើងទម្ងន់នោះទេ។ ក្នុងករណីមនុស្សធាត់ចូលរួមក្នុងសកម្មភាពកីឡា ដែលមានសកម្មភាពរាងកាយខ្លាំង ពួកគេនឹងដុតកាឡូរីបានច្រើន ដែលជួយឱ្យស្រកទម្ងន់ និងកាត់បន្ថយឱកាសនៃការឡើងគីឡូទៀតផង។

២. កាត់បន្ថយកម្រិតកូលេស្ដូរ៉ល : អត្ថប្រយោជន៍ពិសេសមួយទៀត នៃការហាត់កីឡា គឺជួយគ្រប់គ្រងកម្រិតនៃជាតិកូលេស្ដូរ៉ល។ បុគ្គលដែលចូលរួមក្នុងសកម្មភាពកីឡាជាប្រចាំ ជាធម្មតាមានកម្រិតកូលេស្ដូរ៉លទាបជាងបុគ្គលដែលមិនហាត់កីឡា ឬរាងកាយមិនសូវសកម្ម។

៣. ធ្វើឱ្យចរន្ដឈាមប្រសើរឡើង : សកម្មភាពនៃការហាត់កីឡាគ្រប់ប្រភេទ គឺទាមទារឱ្យរាងកាយមានភាពសកម្ម ដែលជួយបង្កើនសារធាតុដឹកនាំអុកស៊ីសែននៅក្នុងកោសិកាឈាមក្រហម និងធ្វើឱ្យបរិមាណឈាមកើនឡើង។ ដោយហេតុថា រាល់ពេលលេងកីឡា បេះដូងរបស់អ្នកនឹងមានចលនាលឿនជាងមុន ព្រមទាំងដាក់សម្ពាធបន្ថែមទៅលើសាច់ដុំបេះដូង។ សម្ពាធបន្ថែមនេះ នឹងជួយពង្រឹងសាច់ដុំបេះដូង និងធ្វើឱ្យលំហូរឈាមមានភាពប្រសើរឡើង។

៤. កាត់បន្ថយកម្រិតសម្ពាធឈាម : ជំងឺលើសឈាម ឬសម្ពាធឈាមខ្ពស់ គឺជាបញ្ហាសុខភាពដែលអាចបណ្ដាលឱ្យដាច់សរសៃរឈាមខួរក្បាល និងបញ្ហាសុខភាពផ្សេងៗជាប់ទាក់ទងនឹងបញ្ហាបេះដូង។ យ៉ាងណាមិញ តាមរយៈការចូលរួមហាត់កីឡា អ្នកអាចគ្រប់គ្រងកម្រិតសម្ពាធឈាមបានយ៉ាងមានប្រសិទ្ធភាព។ ព្រោះកីឡាស្ទើរគ្រប់ប្រភេទទាមទារឱ្យមានសកម្មភាពរាងកាយដូចជា ដើរ លោត និងរត់ជាដើម ហើយការអនុវត្តបែបនេះ នឹងជួយរក្សាសម្ពាធឈាមឱ្យនៅធម្មតា ព្រមទាំងជួយឱ្យសុខភាពបេះដូងរឹងមាំផងដែរ។

៥. ពង្រឹងប្រព័ន្ធភាពស៊ាំ : កោសិកាឈាមស (WBCs) គឺជាភ្នាក់ងារចម្បងនៃរាងកាយ ដែលប្រយុទ្ធប្រឆាំងនឹងជំងឺ។ ការលេងកីឡា និងហាត់ប្រាណជាប្រចាំ នឹងជួយឱ្យកម្រិតកោសិកាឈាមសប្រសើរឡើង។ ជាពិសេស វាក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ដែលអាចប្រយុទ្ធប្រឆាំងនឹងមេរោគ និងបាក់តេរីដែលបង្កឱ្យមានជំងឺទៀតផង។

៦. ពង្រឹងសាច់ដុំ និងឆ្អឹង : ការលេងកីឡាដូចជា បាល់ទាត់ វាយកូនបាល់ បាល់បោះ និងហាត់គុន អាចជួយឱ្យពង្រឹងសាច់ដុំរបស់អ្នកឱ្យមានភាពរឹងមាំ ទំហំធំ និងកម្លាំងខ្លាំង។ កាលណាអ្នកបន្តលេងកីឡាជាប្រចាំ សាច់ដុំរបស់អ្នកនឹងវិវត្តទៅកាន់តែរឹងមាំ។ ម្យ៉ាងវិញទៀត វាក៏ជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយផងដែរ។ លើសពីនេះ ការចូលរួមកម្មភាពកីឡា ជាមួយនឹងចលនាអតិបរមា មានន័យថាអ្នកកំពុងដាក់ភាពតានតឹងទៅលើឆ្អឹង និងបង្កើនដង់ស៊ីតេឆ្អឹង ដែលជួយឱ្យឆ្អឹងរឹងមាំជាងមុន៕

អទ្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://education.ams.com.kh/life-education/news/playing-sports-provides-6-benefits-to-the-body/

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ