កម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំត្រសក់ស្រូវ

ទំព័រដើម / កម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំត្រសក់ស្រូវ

កាលពីថ្ងៃទីទី២៧ ខែកុម្ភ: ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានរៀបចំកម្មវិធីបំណិនជីវិតស្តីពី “ការដាំត្រសក់ស្រូវ” ជូនដល់សិស្សានុសិស្សថ្នាក់ទី៣ “ង” វេនព្រឹក និងវេនរសៀល ដែលដឹកនាំដោយអ្នកគ្រូ ណែម ស្រីម៉ៃ។ ជាដំបូងអ្នកគ្រូ បានបង្ហាញឈ្មោះដំណាំដែលត្រូវដាំ សម្ភារៈ និងរៀបរាប់ពីរបៀបដាំដាំត្រសក់យ៉ាងក្បោះក្បាយជូនដល់សិស្សានុសិស្សឱ្យបានដឹង។ បន្ទាប់មកទៀត អ្នកគ្រូបានប្រាប់ពីដំណាក់កាលដាំនីមួយៗ។ ដំណាក់កាលទី១ អ្នកគ្រូបានបញ្ជាក់ពីសម្ភារៈ និងដំណាំដែលត្រូវប្រើសម្រាប់ដាំរួមមាន គ្រាប់ត្រសក់ ស្រោមដៃ ផើងដាំដំណាំ បោយស្រោចដំណាំ ជីកំប៉ុស្ត និងដីជាដើម។ ដំណាក់កាលទី២ ត្រូវយកដីដាក់ក្នុងផើងរួចជ្រួយវាឱ្យសព្វ ហើយស្រោចទឹកផ្សើមដីនោះឱ្យសើមល្មម។ ចំពោះដីសម្រាប់ដាំត្រសក់ អ្នកគ្រូបានឱ្យសិស្សជ្រើសរើសដីដែលល្អមានជីជាតិ ជីកំប៉ុស្ត ឬដីល្បាយជាដើម។ ដំណាក់កាលចុងក្រោយ អ្នកគ្រូឱ្យសិស្សយកគ្រាប់ត្រសក់ដាក់ដាំនៅក្នុងផើងដែលបានរៀបចំទុកមុននោះ។ អ្នកគ្រូបានបន្ថែមទៀតថា ដើម្បីឱ្យត្រសក់លូតលាស់បានកាន់តែល្អ យើងមិនត្រូវដាំត្រសក់ក្នុងចំនួនច្រើនក្នុងផើងតែមួយនោះទេ ពីព្រោះអាចនាំត្រសក់ដុះលូតលាស់មិនល្អ ញឹកពេក និងស្រូបយកជីជាតិមិនបានគ្រប់គ្រាន់។ មួយវិញទៀត យើងត្រូវស្រោចទឹកឱ្យបានគ្រប់គ្រាន់ ហើយដាក់វានៅកន្លែងដែលមានពន្លឺថ្ងៃល្អ ព្រោះរុក្ខជាតិទាំងអស់ត្រូវការពន្លឺព្រះអាទិត្យសម្រាប់ដំណើរការរស្មីសំយោគ។
ក្រោយពីបានស្តាប់អ្នកគ្រូពន្យល់ចប់សព្វគ្រប់ ប្អូនៗសិស្សានុសិស្សទាំងអស់បានចូលរួមជួយដាំត្រសក់ជាមួយអ្នកគ្រូក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ និងមានការសហការគ្នាបានយ៉ាងល្អ ហើយសិស្សានុសិស្សទាំងអស់មានសេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើលការលូតលាស់របស់ដំណាំដែលពួកគេបានដាំ។
កម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំត្រសក់ស្រូវ

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ