ទំព័រដើម / កញ្ញា ហ៊ាង បុប្ផារិទ្ធ
ចាងហ្វាង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា ការិយាល័យកណ្តាល
ជម្រាបសួរ លោក លោកស្រីដែលជាមាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស សួស្តីប្អូនៗសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់រាប់អាន! សូមស្វាគមន៍ការមកកាន់គេហទំព័រសាលារៀន អន្តរទ្វីប អាមេរិកាំង។
នាងខ្ញុំឈ្មោះ ហ៊ាង បុប្ផារិទ្ធ ជាចាងហ្វាង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាកណ្តាល។ នាងខ្ញុំបានទទួលសញ្ញាបត្រមធ្យមសិក្សាគរុកោសល្យក្នុងឆ្នាំ២០០១ បរិញ្ញាបត្រ ឆ្នាំ២០១១ និងចូលបម្រើការងារក្នុងវិស័យអប់រំនៅឆ្នាំ២០០១ ហើយបានចូលបម្រើការងារជាគ្រូបង្រៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងឆ្នាំ២០០៧។
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលាចំណេះទូទៅ ដែលមានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែបចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ ស្របទៅតាមកម្មវិធីសិក្សារបស់រដ្ឋដោយផ្តោតទៅលើ គុណភាព វិន័យ និងសេវាកម្ម ដែលទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា។ ការអប់រំទាមទារនូវការបណ្តុះបណ្តាលតាំងពីថ្នាក់ក្រោមមកព្រោះជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីឱ្យពួកគាត់មានបំណិនគ្រប់ជ្រុងជ្រោយ ដោយមានលោកគ្រូអ្នកគ្រូមានវិធីសាស្ត្របង្រៀន ល្អៗ បទពិសោធន៍ច្រើនឆ្នាំ និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបណ្ដុះបណ្ដាលសិស្សានុសិស្ស។ ម្យ៉ាងវិញទៀតសាលាមានបន្ថែមជូននូវកម្មវិធីសិក្សាពិសេសៗ រួមមានមុខវិជ្ជាបំណិនជីវិត មុខវិជ្ជាកុំព្យូទ័រ មុខវិជ្ជាជំនាញ ដែលមានជម្រើសដ៏សម្បូរបែបដូចជា គំនូរ របាំ តន្រ្តី កំណាព្យ គេហកិច្ច ហត្ថកម្ម អប់រំកាយ និងកីឡា រីឯបន្ទប់សិក្សានីមួយៗបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ ប្រកបដោយផាសុកភាព។
តាំងនាមឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី អ្នកអាណាព្យាបាលសិស្សដែលបានជឿទុកចិត្ត និងជ្រើសរើសសាលារៀន អន្តរទ្វីប អាមេរិកាំងដើម្បីបណ្តុះបណ្តាលបុត្រធីតារបស់លោកអ្នក។