លោក អុី ប៊ុនលី

ទំព័រដើម / លោក អុី ប៊ុនលី

លោក អុី ប៊ុនលី

ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ សាខាទួលគោក

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញប្រវត្តិវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅក្នុងឆ្នាំ​ ​២០០៣ ហើយបានបន្តចាប់យកជំនាញជាគ្រូបង្រៀនដោយឆ្លងកាត់ការបណ្តុះបណ្តាលគ្រូបង្រៀន​កម្រិតឧត្តមពីវិទ្យាស្ថានជាតិអប់រំ (NIE) នៅក្នុងឆ្នាំ២០០៥។ បន្ទាប់មកទៀត លោកបាន​បញ្ចប់​ដោយ​ជោគជ័យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រវត្តិវិទ្យា ពីរាជបណ្ឌិត្យសភាកម្ពុជា​នៅក្នុងឆ្នាំ​២០០៨។ ជាការពិតណាស់ ការបោះជំហានចូលក្នុងវិថីអប់រំចំណេះដឹងទូទៅ គឺចាប់ផ្តើមពីគ្រូបង្រៀនពេញម៉ោង លើមុខវិជ្ជាប្រវត្តិវិទ្យា និងភូមិវិទ្យានៅសាលារៀន អន្តរទ្វីប អាមេរិកាំង ចាប់តាំងពីសាលានេះចាប់​បដិសន្ធិឡើងនៅឆ្នាំ២០០៥។ លោកបានផ្លាស់ប្តូរតួនាទីជាបន្តបន្ទាប់ក្នុងអំឡុងរយៈពេល១៥ឆ្នាំនេះ ពេលខ្លះជាគ្រូក្រៅម៉ោង ពាក់កណ្តាលពេញម៉ោង គ្រូពេញម៉ោង ថែមទាំងមានតួនាទីជា​អនុប្រធាន​ក្រុម និងប្រធានក្រុមបច្ចេកទេសមុខវិជ្ជាទៀតផង។      ឆ្លងកាត់បទពិសោធន៍បង្រៀន និងដឹកនាំក្រុមមុខវិជ្ជា អស់រយៈពេលជិត១៥ឆ្នាំ លោកត្រូវបាន​គណៈ​គ្រប់គ្រង​សាលាប្រគល់តួនាទីថ្មីមួយទៀតជាចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិចាប់ពីថ្ងៃទី០១ ខែ​មីនា ឆ្នាំ២០២០។ ជាមួយនឹងតួនាទី និងទំនួលខុសត្រូវកាន់តែធំជាងមុន ពិតជាផ្តល់អត្ថន័យ​ធំធេង​ណាស់​​​សម្រាប់លោក​ដើម្បីការបន្តបំពេញបេសកកម្មរបស់សាលារៀន​ក្នុងការបណ្តុះបណ្តាល​ធន​ធាន​មនុស្សនៅប្រទេសកម្ពុជាដែលប្រកបដោយគុណភាព សីលធម៌ ភាពជាមេដឹកនាំ និងទំនួល​ខុសត្រូវ ស្របតាមនិន្នាការពិភពលោកនៃសតវត្សទី២១ ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០។      ជាចុងបញ្ចប់ ដើម្បីឱ្យបេសកកម្មរបស់ពួកយើងទទួលបានជោគជ័យ គឺមិនអាចកាត់ផ្តាច់បាន​ឡើយពីការចូលរួមគ្រប់មជ្ឈដ្ឋាន ក្នុងនោះរួមមានអ្នកអាណាព្យាបាល សិស្សានុសិស្ស និងសហគមន៍​ទាំងមូល ក្នុងការគាំទ្រ ជំរុញ កែលម្អ និងលើកទឹកចិត្ត ក្នុងន័យលើកស្ទួយវិស័យអប់រំជាតិ​និយាយជារួម និង​សាលារៀន​​ អន្តរទ្វីប អាមេរិកាំងនិយាយដោយឡែក រួមគ្នាបណ្តុះ «ទំពាំង​ស្នង​ឬស្សី» របស់យើងឱ្យក្លាយជាបុគ្គលដ៏ប្រសើរនាថ្ងៃអនាគត។

សូមគោរពជូនពរលោកលោកស្រី អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់មាន​សុខភាព​​ល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។ សូមអរគុណ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ