ទំព័រដើម / ពូន វាសនា
គ្រូបង្រៀនខាងចំណេះដឹងទូទៅ
ខ្ញុំបាទឈ្មោះ ពូន វាសនា ភេទប្រុស កើតថ្ងៃ០៩ ខែតុលា ឆ្នាំ១៩៧១។ ខ្ញុំបាទបានចាប់យកអាជីពជាគ្រូបង្រៀនចាប់តាំងពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩៤ រហូតមកដល់បច្ចុប្បន្ន។ ការដែលចាប់យកអាជីពជាគ្រូបង្រៀននេះ ដោយសារតែចំណង់ចំណូលចិត្ត ការស្រលាញ់ពេញចិត្តនៅក្នុងវិស័យអប់រំនេះ។ ម៉្យាងវិញទៀតចង់ផ្តល់នូវអ្វីជាចំណេះដឹងរបស់ខ្លួនដែលមានផ្តល់ឱ្យក្មេងៗ ដើម្បីឱ្យពួកគាត់មានចំណេះវិជ្ជាគ្រប់ៗគ្នា។ ដោយមានការយល់ឃើញថាចំណេះវិជ្ជា គឺជាយានចម្លងពួកគេឱ្យគេចផុតពីអនក្ខរភាព។
កាលណាមនុស្សមានចំណេះវិជ្ជាគ្រប់គ្នា ប្រទេសនឹងមានការរីកចម្រើនអភិវឌ្ឍន៍បានយ៉ាងឆាប់រហ័ស។ អាស្រ័យដោយនិន្នាការទោរទន់ទៅកាន់វិស័យអប់រំ ខ្ញុំក៏បានចូលរួមប្រឡូក និងបម្រើការជាគ្រូបង្រៀននៅក្នុងសាលាឯកជនមួយដែលមានឈ្មោះថា សាលាភាសាខ្មែរ ចិន អង់គ្លេស អៀក ឃុង។ ក្រោយមកទៀតនៅឆ្នាំ១៩៩៧ បានផ្លាស់មកបម្រើការជាគ្រូបង្រៀននៅវិទ្យាល័យ លិប ឃុន និងក៏ធ្លាប់ជាគ្រូបង្រៀនក្រៅម៉ោងនៅសាលាភាសាបរទេសផ្សេងៗទៀតផងដែរ។
ដោយមើលឃើញថាសាលារៀន អន្តរទ្វីប អាមេរិកាំង ជាសាលាគំរូមួយឈានមុខគេមានការដឹកនាំដ៏ល្អ ដែលមានវិន័យតឹងរឹង គុណធម៌ល្អ ពោរពេញទៅដោយគុណភាពអប់រំខ្ពស់ ហើយមានការរីកចម្រើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំផងនោះ ខ្ញុំក៏បានសម្រេចចិត្តចូលរួមបម្រើការងារជាគ្រូបង្រៀនខាងចំណេះដឹងទូទៅផ្នែកបឋមសិក្សាចាប់តាំងពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ការកសាងជីវិតជាគ្រូបង្រៀននៅទីនេះមានការសប្បាយចិត្តយ៉ាងខ្លាំង ពីព្រោះនៅទីនេះមានបរិស្ថានល្អ មានបរិយាកាសស្រស់ថ្លា ហើយមានការដឹកនាំប្រកបដោយសុច្ឆន្ទៈ ជាពិសេសគណៈគ្រប់គ្រងសាលាមានការសហការគ្នាបានល្អប្រសើរ មានទំនាក់ទំនងការងារបានល្អជាមួយបុគ្គលិកគ្រប់ជាន់ថ្នាក់ដោយមានការពិភាក្សា និងដោះស្រាយការងារផ្សេងៗ។ ការងារនៅទីនេះមានការលើកទឹកចិត្តដល់បុគ្គលិកទាំងអស់ ជាហេតុធ្វើឱ្យខ្ញុំមានការរីកចម្រើនយ៉ាងខ្លាំងបន្ថែមទៅលើអ្វីដែលជាចំណេះដឹងដែលខ្ញុំមានពីមុន។
ចំណេះដឹងទាំងអស់បានមកពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចំពោះខ្លួនឯងផ្ទាល់មួយចំណែក ហើយក៏ជាការជំរុញយ៉ាងមុតមាំពីសំណាក់លោកប្រធាន និងគណៈគ្រប់គ្រងទាំងអស់ដែលបានយកចិត្តទុកដាក់ចំពោះបុគ្គលិក និងជួយជំរុញបន្ថែមដើម្បីឱ្យបុគ្គលិកកាន់តែមានការរីកចម្រើនផ្នែកចំណេះដឹងទូទៅ ដោយលោកបានបង្កើតឱ្យមាននូវសិក្ខាសាលា និងដំណើរទស្សនកិច្ចសិក្សាផ្សេងៗដើម្បីឱ្យបុគ្គលិកកាន់តែវិវឌ្ឍចំណេះដឹង។
កត្តាទាំងអស់នេះហើយបានជំរុញចិត្តរបស់ខ្ញុំឱ្យខិតខំបម្រើការងារឱ្យអស់ពីកម្លាំងកាយចិត្តក្នុងវិស័យអប់រំ ដោយបង្រៀនសិស្សឱ្យយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងមានសុជីរធម៌ល្អ។ មួយវិញទៀតខ្ញុំសូមប្តេជ្ញាថានឹងខិតខំបំពេញតួនាទីរបស់ខ្លួនឱ្យកាន់តែបានល្អបន្ថែមទៀត ដោយព្យាយាមសិក្សាស្រាវជ្រាវនូវអ្វីៗដែលថ្មី ដើម្បីក្រេបយកចំណេះដឹងទាំងអស់មកបម្រើក្នុងកិច្ចការបង្រៀននិងអប់រំដល់សិស្សានុសិស្សទាំងអស់ឱ្យកាន់តែមានការរីកចម្រើនទាន់សម័យកាល។
រឹតតែពិសេសជាងនេះទៅទៀត គឺការកសាងខ្លួនឱ្យមានការអភិវឌ្ឍបានយ៉ាងល្អទាំងចំណេះដឹង និងការអនុវត្តដើម្បីបង្ហាត់សិស្សានុសិស្សឱ្យក្លាយជាមិត្តល្អ សិស្សល្អ និងកូនល្អ ដើម្បីឱ្យក្លាយជាសសរទ្រូងរបស់ប្រទេសជាតិក្នុងការរួមចំណែកកសាងប្រទេសឱ្យមានការអភិវឌ្ឍបានយ៉ាងឆាប់រហ័ស។