លោក ដាង វិបុល

ទំព័រដើម / លោក ដាង វិបុល

លោក ដាង វិបុល

នាយកចាងហ្វាង ការិយាល័យកណ្តាល

សូមជម្រាបសួរ និងសូមស្វាគមន៍លោកអ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំងអស់មកកាន់គេហទំព័រនៃ សាលារៀន អន្តរទ្វីប អាមេរិកាំង!

ជាបឋម ខ្ញុំសូមថ្លែងអំណរគុណដល់លោកអ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំងអស់​ដែលតែងតែមានទំនុកចិត្ត និងការជឿជាក់មកលើគុណភាពអប់រំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង។​ ជាការពិតណាស់ វាគ្មានអ្វីធ្វើឱ្យយើងរីករាយជាងការដែលឃើញសិស្សានុសិស្សរបស់យើងទទួលបាននូវការអប់រំមួយប្រកប​ដោយ​គុណភាពដែលផ្ដល់ឱកាសឱ្យពួកគាត់អាចចូលខ្លួនទៅធ្វើការប្រកួតប្រជែងបានយ៉ាងពេញលេញនៅលើឆាកជាតិ និងអន្តរជាតិនោះឡើយ។

មិនថានៅក្នុងយុគសម័យណាក៏ដោយ ការអប់រំគឺពិតជាមានសារសំខាន់ណាស់ ហើយ​តួនាទីជាអ្នកអប់រំគឺកាន់តែចាំបាច់ណាស់ទៅទៀត។ ដូច្នេះហើយសូមលោកគ្រូ អ្នកគ្រូ មាតា បិតា និងលោកអ្នកអាណាព្យាបាល មេត្តាយកចិត្តទុកដាក់ និងចូលរួមលើកកម្ពស់គុណភាព និងប្រសិទ្ធិភាពអប់រំឱ្យកាន់តែប្រសើរឡើងថែមទៀតដើម្បីជាប្រយោជន៍ដល់អនាគតអ្នកជំនាន់ក្រោយ។ បន្ថែមពីលើនេះ ប្អូនសិស្សានុសិស្ស ក្នុងនាមជាអ្នកទទួលខុសត្រូវបន្តលើអនាគតខ្លួន និងមនុស្សជាតិទាំងអស់ គប្បីកុំធ្វេសប្រហែស ខ្ជះខ្ជាយពេលវាលា និង​កម្លាំងកាយចិត្ត ហើយប្រឹងប្រែងលត់ដំសមត្ថភាពខ្លួនទាន់នៅក្មេងដើម្បីអាចដើរតួនាទីយ៉ាងសកម្មជាអ្នកដឹកនាំមុខនៅក្នុងវិស័យដែលខ្លួនពេញចិត្ត និងចូលរួមចំណែកដល់ការរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិ និងពិភពលោកទាំងមូល។

ដើម្បីធ្វើដូច្នេះបាន វាសំខាន់ណាស់ដែលប្អូនៗត្រូវយកចិត្តទុកដាក់មិនត្រឹមតែទៅលើការសិក្សាគ្រប់មុខវិជ្ជាដែលប្អូនៗកំពុងរៀនឱ្យអស់ពីសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រឹងប្រែងហាត់ពត់បុគ្គលិកលក្ខណៈ ឥរិយាបថក្នុងការរស់នៅ ហើយកសាងមូលដ្ឋានគ្រឹះ និងដុសខាត់ចំណេះជំនាញរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ហើយទាំងនេះគឺសុទ្ធសឹងជាអ្វីដែលយើងបាននឹងកំពុងធ្វើនៅ​ក្នុងសាលារៀនមួយនេះ។​ ជោគជ័យរបស់សិស្សានុសិស្សយើងគឺជាជោគជ័យ និងកិត្តិយសរបស់យើងគ្រប់គ្នា ហើយសាលារៀន អន្តរទ្វីប អាមេរិកាំង គឺត្រូវបាន​បង្កើតឡើងដើម្បីគោលបំណងនេះ​ហើយ! ដូច្នេះ សូមចូលរួមជាមួយយើងចាប់ពីថ្ងៃនេះ ដើម្បីធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ!

សូមអរគុណ!

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ