វិធីសាស្រ្តអប់រំកូនពេលមានកំហុស កុំឱ្យកូនបាត់ជំនឿចិត្តលើខ្លួនឯង

ទំព័រដើម / វិធីសាស្រ្តអប់រំកូនពេលមានកំហុស កុំឱ្យកូនបាត់ជំនឿចិត្តលើខ្លួនឯង

អត្ថបទព័ត៌មានស្តីពីការអប់រំ

ក្រោមប្រធានបទៈ “វិធីសាស្រ្តអប់រំកូនពេលមានកំហុស កុំឱ្យកូនបាត់ជំនឿចិត្តលើខ្លួនឯង”

អត្ថបទដកស្រង់ដោយ :  ហេង បូររឿង

#MJQE #AmericanInterconSchool

ឪពុកម្តាយគ្រប់រូបតែងតែចង់អប់រំកូនៗរបស់ខ្លួនឱ្យមានអាកប្បកិរិយាល្អត្រឹមត្រូវ និងក្លាយទៅជាបុគ្គលដែលល្អចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល  ប៉ុន្តែពេលខ្លះវិធីសាស្រ្តដែលយើងប្រើដើម្បីអប់រំកូនអាចទទួលបានលទ្ធផលល្អ និងវិធីសាស្រ្តមួយចំនួនក៏បានបំផ្លាញជំនឿចិត្តកូនបន្តិច       ម្តងៗដោយមិនដឹងខ្លួនឡើយ។ ចំណុចនេះវាអាចធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការលូតលាស់ផ្នែក សតិបញ្ញា និងស្មារតីរបស់កូនៗ។ ដូច្នេះហើយតើយើងគួរអប់រំកូនៗរបស់យើងបែបណា ទើបមិនបំផ្លាញជំនឿចិត្តកូនៗ?

យោងតាមប្រសាសន៍របស់ លោកស្រីបណ្ឌិត Eileen Kennedy-Moore ឯកទេសចិត្តសាស្រ្តកុមារ និងគ្រួសារនៅសហរដ្ឋអាមេរិកបានលើកឡើងថា កុមារតែងតែធ្វើខុស ហើយត្រូវរៀនពីកំហុសខ្លួនឯង ប៉ុន្តែក្នុងនាមជាឪពុកម្តាយមួយរូប យើងមិនត្រូវធ្វើឱ្យកូនៗរបស់យើងមានអារម្មណ៍ថា ពួកគេជាក្មេងមិនល្អឡើយ។ លោកស្រីបានបន្ថែមថា កុមារមួយចំនួនមានប្រតិកម្មខ្លាំងចំពោះការរិះគន់ ការប្រើហិង្សា ការដាក់ទណ្ឌកម្ម ហើយងាយបាត់បង់ជំនឿចិត្តលើខ្លួនឯងណាស់ ព្រោះកុមារប្រៀបដូចជាក្រដាសសមួយផ្ទាំង ប្រសិនបើពួកគេត្រូវផាត់ពណ៌មិនល្អ នោះពួកគេនឹងយល់ថាខ្លួនឯងមិនល្អដែរ ដែលជាហេតុប៉ះពាល់ដល់ជំនឿចិត្តរបស់ពួកគេ។ ជំនឿចិត្តសំខាន់ណាស់សម្រាប់ការលូតលាស់របស់កូន ព្រោះកុមារដែលមានជំនឿចិត្តលើខ្លួនឯងអាចប្រឈមនឹងបញ្ហា រៀនពីកំហុសខ្លួន ជួយខ្លួនឯង ចេះសុំជំនួយនៅពេលត្រូវការ មិនបាក់ទឹកចិត្ត ចេះស្រឡាញ់ មានភាពរឹងមាំ និងឱ្យតម្លៃខ្លួនឯង។

ថ្ងៃនេះខ្ញុំសូមលើកយកវិធីសាស្រ្តមួយចំនួនដែលយើងអាចសាកល្បងយកមកអប់រំកូនៗ នៅពេលដែលពួកគាត់ធ្វើខុសបានមានខាងក្រោម៖

១. ផ្តល់សិទ្ធិឱ្យកូនសាងកំហុស :

ពេលកូនធ្វើខុសអ្វីមួយ ឪពុកម្តាយគ្រប់រូបត្រូវគិតថា កូនៗនៅតូច នៅមានរឿងជាច្រើនត្រូវរៀន និងកែប្រែនូវកំហុស។ ពួកគេអាចមិនដឹងថា ការធ្វើអ្វីមួយអាចបណ្តាលឱ្យមានផលវិបាកអ្វីទេ ដូច្នេះយើងត្រូវផ្តល់ឱកាសឱ្យពួកគេ ហើយប្រាប់ពួកគេ បង្ហាញពួកគេពីអ្វីដែលពួកគេអាចធ្វើបាន និងអ្វីដែលពួកគេមិនអាចធ្វើបាន។ ប្រសិនបើឪពុកម្តាយមិនផ្តល់សិទ្ធិឱ្យកូនសាងកំហុស កូនតូចៗរបស់អ្នកនឹងក្លាយទៅជាមនុស្សមិនចេះសម្រេចចិត្តដោយខ្លួនឯងឡើយ ហើយពួកគេតែងតែសួរយោបល់ពីអ្នកដទៃជានិច្ច។

២. កុំស្រែកដាក់កូន :

នៅពេលកូនៗធ្វើខុស យើងត្រូវទប់អារម្មណ៍ ហើយមិនត្រូវស្រែកដាក់កូនៗទេ។ ការស្រែកគំហកអាចធ្វើឱ្យពួកគាត់ភ័យតក់ស្លុតដែលជាហេតុបណ្តាលឱ្យកូនមានបញ្ហាក្នុងការកសាងជំនឿចិត្តលើខ្លួនឯង ។

៣. កុំជេរ ឬបន្ទោសកូននៅទីសាធារណៈ :

ការជេរ ឬបន្ទោសកូននៅទីសាធារណៈឱ្យអ្នកដទៃដឹងឮថាកូនធ្វើខុស គឺជាការបង្កើតការអាម៉ាស់ដល់កូនដែលធ្វើឱ្យកូនយល់ថាខ្លួនឯងអន់ មិនល្អ ហើយអ្នកផ្សេងអាចលែងចូលចិត្តខ្លួនទៀតហើយ ព្រោះខ្លួនធ្វើខុសដែលធ្វើឱ្យកូនៗបាត់បង់ជំនឿចិត្តលើខ្លួនឯង។

៤. ផ្តល់លេសសម្រាប់អាកប្បកិរិយារបស់កូន :

ពេលកូនធ្វើខុស ឪពុកម្តាយអាចចាប់ផ្តើមដោយនិយាយថា «ប៉ាម៉ាក់ដឹងថាកូនមិនមានបំណង« ឬ «កូនប្រហែលជាមិនដឹង» ឬ «កូនព្យាយាមធ្វើហើយតើ» ដើម្បីប្រាប់កូនថា ប៉ាម៉ាក់ដឹងថាកូនជាក្មេងល្អ ហើយមានចេតនាល្អ ទោះបីជាកូនធ្វើខុសក៏ដោយ។

៥. ប្រាប់ហេតុផល :

ប្រសិនបើពេលលេងជាមួយគ្នា បងវាយប្អូន យើងត្រូវប្រាប់កូនថា «ពេលលេងត្រូវចែកគ្នាលេង ប៉ាម៉ាក់ដឹងថាកូនគ្មានបំណងវាយប្អូនទេ តែពេលកូនវាយប្អូនអ៊ីចឹង ប្អូនឈឺ ឃើញប្អូនយំទេ។ ចុះឧទារហរណ៍ថា ប្អូនវាយកូនវិញ កូនឈឺទេ? កូនយំទេ? អ៊ីចឹងថ្ងៃក្រោយមិនត្រូវវាយប្អូនទៀតទេ ហើយត្រូវសុំទោសប្អូន និងលួងប្អូនឱ្យបាត់យំ»។

៦. ប្រាប់កូនឱ្យរកដំណោះស្រាយ :

បើកូនជ្រុលជាធ្វើខុសទៅហើយ អ៊ីចឹងយើងគួរប្រាប់កូនឱ្យរកដំណោះស្រាយវិញល្អជាង។ ឧទារហណ៍ ពេលកូនងូតទឹកហើយ មិនបានជូតជើង ឬខ្លួនឱ្យស្ងួត ហើយដើរចេញពីបន្ទប់ទឹក ធ្វើឱ្យមានទឹកពេញលើឥដ្ឋ ឪពុកម្តាយអាចប្រាប់កូនឱ្យយកកំណាត់មកជូតឱ្យស្ងួត ចៀសវាងដើររអិលដួល ឬធ្វើឱ្យអ្នកផ្ទះរអិលដួល និងប្រាប់កូនមុនចេញពីបន្ទប់ទឹកត្រូវជូតជើង ឬខ្លួនឱ្យស្ងួត។

ការអប់រំកូនដោយមិនប្រើការជេរ ស្តីបន្ទោស ហិង្សា ឬទណ្ឌកម្មជាវិធីអប់រំកូនដែលមិនបំផ្លាញជំនឿចិត្តកូនៗ ប៉ុន្តែឪពុកម្តាយត្រូវការភាពអត់ធ្មត់ និងត្រូវព្យាយាមអប់រំម្តងបន្តិចៗ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://hellokrupet.com/166003

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ