ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង មន្ទីរពេទ្យ សង់ត្រាល់ និងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក

ទំព័រដើម / ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង មន្ទីរពេទ្យ សង់ត្រាល់ និងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ មន្ទីរពេទ្យ សង់ត្រាល់ (Central Hospital) និងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (Mengly J. Quach Education PLC.) បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីសហការគ្នាលើការផ្តល់សេវាសុខភាពដែលមានគុណភាពខ្ពស់សម្រាប់សិស្សានុសិស្ស បុគ្គលិក និងក្រុមគ្រួសាររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក។ ពិធី​ចុះហត្ថលេខានេះ ​បាន​ធ្វើ​ឡើងនៅ​​មន្ទីរពេទ្យសង់ត្រាល់ ​រាជធានី​ភ្នំពេញ ក្រោមអធិបតីភាព លោកស្រី ស៊ីម សុវណ្ណារ៉ា នាយិកាមន្ទីរពេទ្យ សង់ត្រាល់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្ថាប័នទាំងពីរ ភ្ញៀវកិត្តិយស និងអ្នកព័ត៌មានជាច្រើនរូប។

អនុស្សរណៈយោគយល់គ្នានេះ រំលេចអំពីសេវាកម្មថែទាំសុខភាពមួយដែលត្រូវផ្តល់ជូនសិស្សានុសិស្ស បុគ្គលិក និងក្រុមគ្រួសាររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក រួមមានដូចជា៖ ការពិនិត្យសុខភាពមុនចូលបម្រើការងារ ការពិនិត្យសុខភាពទូទៅ ការពិនិត្យសុខភាពប្រចាំឆ្នាំ ការចាក់វ៉ាក់សាំងជំងឺផ្សេងៗ ការព្យាបាលជំងឺ និងកម្មវិធីយល់ដឹងអំពីការថែទាំសុខភាពជាដើម។

លោកស្រី ស៊ីម សុវណ្ណារ៉ា នាយិកាមន្ទីរពេទ្យ សង់ត្រាល់ បានបង្ហាញអំពីសុទិដ្ឋិនិយមចំពោះកិច្ចសហការនេះថា៖ «ភាពជាដៃគូជាមួយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាពខ្ពស់។ យើងប្តេជ្ញាធានាថា សិស្សានុសិស្ស បុគ្គលិក និងក្រុមគ្រួសាររបស់ក្រុមហ៊ុននេះ ទទួលបានការថែទាំសុខភាពដ៏ល្អបំផុត និងសំដៅរួមគ្នាលើកកម្ពស់សុខុមាលភាពក្នុងសហគមន៍ និងលើកកម្ពស់ការយល់ដឹងកាន់តែស៊ីជម្រៅអំពីសុខភាពនិងសុវត្ថិភាព។»

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានសម្តែងការអបអរសាទរចំពោះភាពជាដៃគូថ្មីនេះ ដោយអ្នកឧកញ៉ា មានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូថ្មីរបស់យើង ជាមួយមន្ទីរពេទ្យ សង់ត្រាល់ ដែលនឹងផ្តល់ជូននូវសេវាថែទាំសុខភាពដ៏មានគុណភាពខ្ពស់ ចាំបាច់សម្រាប់សុខុមាលភាពសិស្សានុសិស្ស បុគ្គលិក និងក្រុមគ្រួសាររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ទាំងអស់។»

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានគូសបញ្ជាក់ថា ការសហការគ្នានេះ៖ «យើងមានគោលបំណងលើកកម្ពស់ការអប់រំផ្នែកសុខភាព ស្របពេលដែលកម្ពុជាកំពុងជំរុញការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ តាមរយៈការរៀបចំកញ្ចប់សេវាកម្មសុខភាពនៅមន្ទីរពេទ្យ ដែលអាចស្រាវជ្រាវ និងស្វែងរកសេវាថែទាំជំងឺដោយផ្ទាល់។»

សូមបញ្ជាក់ថា ទន្ទឹមនឹងកំណើននៃចំនួនសាខារបស់សាលារៀន បុគ្គលិក សិស្សានុសិស្ស ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក នឹងបន្តបំពេញបេសកកម្មរបស់ខ្លួន ព្រមទាំងសហការគ្នាជាមួយ មន្ទីរពេទ្យ សង់ត្រាល់ តាមរយៈការបណ្តុះបណ្តាល និងការរៀបចំសិក្ខាសាលានានា ដើម្បីពង្រីកការយល់ដឹងអំពីសារៈសំខាន់នៃសុខភាព និងសុវត្ថិភាពនៅក្នុងសហគមន៍៕

សម្រាប់ព័ត៌មានលម្អិតអំពីកិច្ចសហការ និងកម្មវិធីថែទាំសុខភាពនាពេលខាងមុខ សូមទាក់ទងតាមរយៈ៖

• ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (Mengly J. Quach Education PLC.) អ៊ីមែល(Email)៖ info@mjqeducation.edu.kh លេខទូរសព្ទ៖ +855 011 388 868

• មន្ទីរពេទ្យ សង់ត្រាល់ (Central Hospital) អ៊ីម៉ែល(Email)៖ info@centralhospital.com.kh  លេខទូរសព្ទ៖ +855 23 214 955

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ