ចំណុចសំខាន់ៗមួយចំនួនដែលឪពុកម្តាយមិនគួរមើលរំលងដើម្បីឱ្យកូនៗទទួលបានជោគជ័យទៅថ្ងៃអនាគត

ទំព័រដើម / ចំណុចសំខាន់ៗមួយចំនួនដែលឪពុកម្តាយមិនគួរមើលរំលងដើម្បីឱ្យកូនៗទទួលបានជោគជ័យទៅថ្ងៃអនាគត

អត្ថបទព័ត៌មានស្តីអំពីការអប់រំ

ក្រោមប្រធានបទ “ចំណុចសំខាន់ៗមួយចំនួនដែលឪពុកម្តាយមិនគួរមើលរំលងដើម្បីឱ្យកូនៗទទួលបានជោគជ័យទៅថ្ងៃអនាគត”

អត្ថបទដកស្រង់ដោយ : សោម ចាន់ណា

#MJQE #AmericanInterconSchool

ឪពុកម្តាយគ្រប់រូបសុទ្ធតែចង់ឱ្យកូនរបស់ពួកគេចៀសឱ្យឆ្ងាយពីបញ្ហា និងយកចិត្តទុកដាក់លើការរៀនសូត្រឱ្យបានពូកែ ដើម្បីអនាគតល្អពេលធំពេញវ័យ។ យ៉ាងណាមិញ មិនមានរូបមន្តណាមួយដែលកំណត់សម្រាប់ឱ្យកុមារទទួលបានជោគជ័យនោះទេ តែអ្នកស្រាវជ្រាវផ្នែកចិត្តសាស្ត្រ បានចង្អុលបង្ហាញពីកត្តាដែលទាក់ទងនឹងភាពជោគជ័យមួយចំនួនរបស់ពួកគេផងដែរ។ វាមិនចម្លែកទេ ព្រោះភាគច្រើនគឺសុទ្ធតែមកពីកត្តាឪពុកម្តាយ។ ដើម្បីឱ្យកូនៗរបស់លោកអ្នកទទួលបានជោគជ័យនាថ្ងៃអនាគត ចំណុចសំខាន់មួយចំនួនដូចខាងក្រោម៖

១. បង្រៀនកូនឱ្យចេះធ្វើការងារ :

កុមារដែលរស់នៅចេះធ្វើការងារបន្តិចបន្តួច (ឧទាហរណ៍ : ជួយបោសសម្អាត លាងចាន ជាដើម-ល-) នឹងអាចក្លាយជាបុគ្គលចេះសហការយ៉ាងល្អជាមួយអ្នករួមការងាររបស់ពួកគេនាពេលអនាគត  ព្រោះពួកគេយល់អារម្មណ៍ការធ្វើផ្ទាល់ ថាវាពិបាកជាងការដែលយើងគ្រាន់តែមើលឃើញ។

២. បង្រៀនកូនឱ្យចេះបង្កើតទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន :

ចំពោះកុមារដែលរស់នៅក្នុងគ្រួសារដែលមានជម្លោះញឹកញាប់ ឬឪពុកម្តាយមានការលែងលះគ្នា អាចនឹងមានបញ្ហាការវិវត្តខ្លួនអាក្រក់ជាងកុមារដែលមានឪពុកម្តាយរស់នៅចុះសម្រុងគ្នា។ ការប៉ះទង្គិចគ្នារវាងឪពុកម្តាយមុនពេលការលែងលះ បានប៉ះពាល់ដល់កុមារនូវគំនិត និងឥរិយាបថអវិជ្ជមាន ខណៈពេលដែលជម្លោះ ក្រោយការលែងលះគ្នាមានឥទ្ធិពលយ៉ាងខ្លាំងលើការប្រែប្រួល និងការលូតលាស់របស់កុមារ។ កុមារដែលបានទទួល “ការថែទាំល្អ” ក្នុងរយៈពេលបីឆ្នាំដំបូង មិនត្រឹមតែធ្វើបានល្អក្នុងការសិក្សាក្នុងវ័យកុមារភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទំនាក់ទំនងល្អ និងសម្រេចបានការសិក្សាកំរិតខ្ពស់ ក្នុងខ្ទង់វ័យ៣០ឆ្នាំរបស់ពួកគេ។ ឪពុកម្តាយដែលជាអ្នកមើលថែដ៏ល្អ ឆ្លើយតបទៅនឹងសញ្ញារបស់កូន “បានត្រឹមត្រូវ និងឆាប់រហ័ស” និង “ផ្តល់មូលដ្ឋានសុវត្ថិភាព” លើចិត្តគំនិតកុមារ ដើម្បីរុករកអ្វីថ្មីៗផងដែរ។

៣. ផ្តល់នូវការអប់រំខ្ពស់ដល់កុមារ :

អ្នកជំនាញខាងចិត្តវិទូ បានរកឃើញថាម្តាយដែលបានបញ្ចប់វិទ្យាល័យ ឬមហាវិទ្យាល័យភាគច្រើន សុទ្ធតែធ្វើការចិញ្ចឹមបីបាច់កូនឱ្យបានរៀនខ្ពង់ខ្ពស់ដូចគ្នាដែរ។ កុមារដែលកើតចេញពីម្តាយវ័យជំទង់ (អាយុ ១៨ឆ្នាំ ឬក្មេងជាងនេះ) ហាក់ដូចជាមិនសូវបានរៀនបញ្ចប់វិទ្យាល័យ ឬមហាវិទ្យាល័យដូចក្មេងដទៃទេ។

៤. កុំប្រើអារម្មណ៍ក្នុងភាពតានតឹងទំនាក់ទំនងជាមួយកុមារ :

ស្ត្រេសរបស់ម្តាយឪពុក ជាពិសេសនៅពេលដែលពួកគេមានសម្ពាធធ្ងន់ធ្ងរដោយសារតែការងារ បន្ទាប់មកព្យាយាមរកពេលវេលាមកលេងជាមួយនឹងកូន ដែលនេះនឹងផ្តល់ផលប៉ះពាល់ដល់កូនរបស់ពួកគេទៅវិញ។ នេះជាការរីករាលដាលផ្លូវចិត្ត ឬបាតុភូតផ្លូវចិត្តដែលមនុស្ស “ចាប់យកអារម្មណ៍” ពីមួយទៅមួយដូចជាឆ្លងជំងឺផ្តាសាយយ៉ាងដូច្នេះដែរ។ ការស្រាវជ្រាវបានបង្ហាញថា ប្រសិនបើមិត្តភក្តិរបស់អ្នក សប្បាយចិត្ត ភាពរីករាយនោះនឹងឆ្លងមកកាន់អ្នក។ តែប្រសិនបើពួកគេកើតទុក្ខ ភាពអាប់អួរនោះក៏នឹងផ្ទេរមកអ្នកផងដែរ។ ដូច្នេះប្រសិនបើឪពុកម្តាយមានអារម្មណ៍អស់កម្លាំង ឬមានបញ្ហាខកចិត្តលើអ្វីមួយនោះ អារម្មណ៍ទាំងនេះអាចនឹងផ្ទេរទៅកូនផងដែរ។

៥. ការងាររបស់ម្តាយ :

យោងតាមការស្រាវជ្រាវគេបានបង្ហាញថា កុមារដែលលូតលាស់ឡើងជាមួយម្តាយដែលធ្វើការនៅខាងក្រៅផ្ទះ ទទួលបានផលប្រយោជន៍គួរឱ្យកត់សម្គាល់។ ការសិក្សានេះបានរកឃើញថា កូនស្រីរបស់ម្តាយដែលធ្វើការងារខាងក្រៅ បានទៅសាលារៀនកម្រិតខ្ពស់ ភាគច្រើនមានការងារតួនាទីជាអ្នកគ្រប់គ្រង និងរកប្រាក់កម្រៃបានច្រើន។ ក្នុងនោះបើធៀបទៅនឹងក្មេងស្រីដទៃ ដែលមានស្ត្រីជាម្តាយជាមេផ្ទះមាន ២៣% ប៉ុណ្ណោះ។ គំរូនេះហើយគឺជាសញ្ញាបង្ហាញដល់កូនរបស់អ្នកនូវរបៀបដែលអ្នកប្រកាន់ឥរិយាបទ អ្វីដែលអ្នកធ្វើ សកម្មភាពដែលអ្នកចូលរួម និងអ្វីដែលអ្នកមានជំនឿ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ http://khmereducator.org/post/article/627/

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ