របៀបសំពះខ្មែរដែលត្រូវតាមក្បួន

ទំព័រដើម / របៀបសំពះខ្មែរដែលត្រូវតាមក្បួន

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី

ក្រោមប្រធានបទ “របៀបសំពះខ្មែរដែលត្រូវតាមក្បួន”

អត្ថបទដកស្រង់ដោយ : អ៊ាក គារី

#MJQE #AmericanInterconSchool

ការសំពះគឺជាការសម្តែងគារវកិច្ច ឬការប្រតិបត្តិគ្នាទៅវិញទៅមករបស់មនុស្សទូទៅក្នុងសង្គម ពិសេសពុទ្ធសាសនិកជន ប៉ុន្តែបើនិយាយដល់ការសំពះនេះ ប្រជាពលរដ្ឋខ្មែរបានប្រកាន់យកធ្វើជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយ ដោយចាស់ពីដើមបានយល់ថាការសំពះគឺជាការគោរព ដែលបង្ហាញឱ្យឃើញពីកាយវិការទន់ភ្លន់ សុភាពរាបសា មានសុជីវធម៌ និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក ។

យ៉ាងណាមិញសម្រាប់ប្រជាពលរដ្ឋខ្មែរណាដែលមិនចេះសំពះ ឬសំពះមិនត្រឹមត្រូវតាមក្បួនខ្នាតបានកំណត់អាចនឹងត្រូវគេដៀលថាមនុស្សគ្មានអរិយធម៌។ ការសំពះរបស់ខ្មែរគឺមានក្បួនខ្នាតត្រឹមត្រូវ និងច្បាស់លាស់ ទៅតាមឋានៈ តួនាទី និងអាយុ ដែលមាន៥របៀបផ្សេងៗគ្នា។ ចំពោះចាស់ៗពីសម័យដើម ឬត្រឹមឪពុកម្តាយយើងឡើងទៅលើ គឺពួកលោកប្រកាន់ខ្ជាប់ណាស់នូវការសំពះដើម្បីបង្ហាញក្តីគោរពគ្នាទៅវិញទៅមក ប៉ុន្តែបើយើងងាកមកមើលយុវជន ឬក្មេងៗសម័យឥឡូវមួយចំនួនតូចមិនសូវឡើយ ដោយហេតុផលមិនសមទំនងមួយចំនួនដូចជា អៀនមិនហ៊ានលើកដៃសំពះឡើយ ម្យ៉ាងគិតថាមិនសូវចាំបាច់ និងអ្នកខ្លះសំពះឱ្យតែបានៗ ដោយមិនបានយល់ច្បាស់ពីរបៀបសំពះត្រឹមត្រូវតាមក្បួនខ្នាតឡើយ ពោលគឺពួកគេតែងតែបានមើលរំលងលើការសំពះនេះ។

ប្រជាពលរដ្ឋ ព្រមទាំងសិស្ស និស្សិតមួយចំនួនតែងតែមានការយល់ច្រឡំអំពីរបៀបសំពះ និងតែងតែធ្វើ ឆ្គង ប្រាសចាកពីរបៀបសំពះរបស់ខ្មែរ។ ខាងក្រោមនេះ គឺជារបៀបនៃការសំពះទាំង៥របៀប និងអត្ថន័យរបស់វា៖

១. ដៃផ្គុំដាក់ត្រឹមដើមទ្រូង : សំពះអ្នកមានវ័យ ឋានៈស្មើគ្នា មិត្តភក្តិ ឬឋានៈទាបជាង។

២. ចុងម្រាមដៃផ្គុំដាក់ត្រឹមមាត់ : សំពះអ្នកមានវ័យចាស់ជាង ឬឋានៈខ្ពស់ជាង និងចៅហ្វាយនាយ។

៣. ចុងម្រាមដៃផ្គុំដាក់ត្រឹមចុងច្រមុះ : សំពះឪពុកម្តាយ អ្នកអាណាព្យាបាល ជីដូនជីតា និងគ្រូបាធ្យាយ

ជាដើម ។

៤. ចុងម្រាមដៃដាក់ចំប្រជុំចិញ្ចើម : សំពះព្រះសង្ឃ និងព្រះមហាក្សត្រ ។

៥. ផ្គុំម្រាមមេដៃដាក់ត្រឹមប្រជុំចិញ្ចើមឡើងលើ : សំពះព្រះរតនត្រ័យ ព្រះព្រហ្ម ទេវតា និងការបួងសួងផ្សេងៗ ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖

https://thmeythmey.com/?page=detail&id=27414

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ