កន្លែងកម្សាន្តពេញនិយមទាំង១០ នៅខេត្តសៀមរាប

ទំព័រដើម / កន្លែងកម្សាន្តពេញនិយមទាំង១០ នៅខេត្តសៀមរាប

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត

ក្រោមប្រធានបទ៖ “កន្លែងកម្សាន្តពេញនិយមទាំង១០ នៅខេត្តសៀមរាប”

អត្ថបទដកស្រង់ដោយ៖ ជី សុខវ៉ាន់

#MJQE #AmericanInterconSchool

សៀមរាប គឺជាទឹកដីសម្បូរទៅដោយសម្បត្តិវប្បធម៌ សំណង់ប្រាសាទប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ដែលល្បីល្បាញទូទាំងប្រទេសកម្ពុជា និង លើពិភពលោក។ ដូច្នេះហើយ ទីក្រុងសៀមរាប ក្លាយជាគោលដៅទេសចរណ៍ “ត្រូវតែទស្សនា” សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ដែលមកប្រទេសកម្ពុជា។ ប្រាង្គប្រាសាទអង្គរវត្ត ដ៏ស្គឹមស្គៃរបស់បុព្វបុរស់ខ្មែរ ដែលល្បីល្បាញលើសកលលោក គឺជាទិសដៅចម្បងជាងគេសម្រាប់ភ្ញៀវទេសចរទាំងឡាយ រួមទាំងភ្ញៀវទេចរជាមួយគ្រួសារដែលមានកូនតូចៗផងដែរ។ លើសពីនេះទៅទៀត សម្រាប់អ្នកធ្វើដំណើរកម្សាន្តជាមួយគ្រួសារ សៀមរាបក៏មានទីកន្លែងកម្សាន្តសប្បាយៗជាច្រើនដែលអ្នកអាចនាំកូនរបស់អ្នកទៅកម្សាន្តផងដែរ។ ខាងក្រោមនេះ គឺកន្លែងកម្សាន្តដ៏ពេញនិយមជាងគេនៅខេត្តសៀមរាប៖

១. ភូមិវប្បធម៌ កម្ពុជា :

ភូមិវប្បធម៌កម្ពុជាគឺជាកូនស្រុកគំរូមួយដែលមានសំណង់ ផ្ទះ និងអគារប្រវត្តិសាស្រ្តទំនៀមទម្លាប់របស់ប្រជាជនខ្មែរ និងជីវភាពរបស់ជនជាតិទាំងអស់។ ក្នុងភូមិវប្បធម៌កម្ពុជាមានភូមិចំនួន១២ ដែលតំណាងឱ្យវប្បធម៌ផ្សេងៗគ្នា និងចរិតលក្ខណៈរបស់ជនជាតិ១៩។ ភ្ញៀវទេសចរអាចរីករាយជាមួយនឹងការសម្តែងរបាំអប្សរា និងរបាំរបស់ជនជាតិភាគតិចនៅកម្ពុជា និងអាចទស្សនាការសម្តែងអំពីប្រពៃណីរៀបអាពាហ៌ពិពាហ៌របស់ជនជាតិខ្មែរ។ នៅតាមភូមិនីមួយៗ អ្នកទេសចរអាចមើលឃើញការបង្ហាញអំពីរបៀបឆ្លាក់លើថ្ម លើឈើ ដំគ្រឿងប្រាក់ និងឆ្នៃត្បូង។

២. សារមន្ទីរអាតបកស៍ :

សារមន្ទីរ អាតបកស៍ គឺជាសារមន្ទីរដ៏ធំមួយក្នុងចំណោមសារមន្ទីរ 3D នៅក្នុងពិភពលោកដែលបង្កប់ទៅដោយផ្ទាំងគំនូរ 3D ជាច្រើនផ្ទាំង។ រូបគំនូរនីមួយៗត្រូវបានគូរឡើងដោយវិចិត្រករជនជាតិកូរ៉េដ៏ល្បី អ្នកអាចរីករាយជាមួយរូបគំនូរដែលទាក់ទាញរបស់ពិភពលោកតាមរយៈរូបភាព 3D ចំនួនជាង១៥០ផ្ទាំង។ នៅខាងក្រោម        សមុទ្រ អ្នកអាចមើលឃើញនូវសត្វត្រីគ្រប់ប្រភេទ មឹក នាងមច្ឆា ត្រីបាឡែន នឹងភាពស្រស់ស្អាតនៃបាតសមុទ្រ រូបគំនូរបង្ហាញពីធម្មជាតិនៅក្នុងព្រៃ អ្នកអាចមើលឃើញពីប្រភេទខុសៗគ្នានៃសត្វព្រៃ និងបក្សីតាមលក្ខណៈបែប 3D។ ចំណុចសំខាន់នៃទស្សនីយភាពសិល្បៈគំនូររបស់សារមន្ទីរ គឺការធ្លាក់ព្រិលនៅប្រទេសកម្ពុជា។ ជាពិសេសការធ្លាក់ព្រិលនៅប្រាសាទអង្គរវត្តគឺជារូបគំនូរដ៏អស្ចារ្យដែលមានភាពទាក់ទាញដែលមិនគួរមើលរំលង កុមារានឹងកុមារីអាចរីករាយជាមួយនឹងបទពិសោធថ្មីៗតាមរយៈរូបគំនូរ 3D នឹងកម្មវីធីគូរគំនូរ ផាត់ពណ៍ជាប្រភេទ 3D។

៣. ល្ខោនសៀកកម្ពុជាហ្វារ :

សម្រាប់ពេលល្ងាច បន្ទាប់ពីទស្សនាតំបន់កម្សាន្តផ្សេងៗ ហ្វារ សៀកកម្ពុជា គឺជាផ្ទាំងទស្សនីយភាពមួយដែលពិតជាអស្ចារ្យ អ្នកគួរតែនាំកូនរបស់អ្នកទៅទស្សនាការសម្តែងរបស់ហ្វារ គឺមានលក្ខណះពិសេសលើសពីសៀក មានន័យថាក្រុមអ្នកសម្តែងប្រើប្រាស់រោងមហោស្រព ភ្លេង ក្បាច់រាំ និងសិល្បៈសៀកទាន់សម័យ ដើម្បីនិទានរឿងរបស់ខ្មែរដូចជា រឿងប្រវត្តិសាស្ត្រ ឬរឿងបែបសម័យទំនើប។ អ្នកនឹងពិតជាស្ងើចសរសើរអំពីទេពកោសល្យ ថាមពល មនោសញ្ចេតនា និងការសម្តែងរបស់ក្រុមសិល្បៈករ សិល្បៈការិនីវ័យក្មេងខ្មែរយើងជាក់ជាមិនខាន។

៤. ខេមបូប៉ិច ក្លិបសៀមរាប :

តើអ្នកជឿទេថា មានឆ្នេរសមុទ្រនៅសៀមរាប? ថ្មីៗនេះមានកន្លែងកម្សាន្តថ្មីមួយកន្លែងដែលទើបតែបង្កើតឡើងដោយកែឆ្នៃដូចជាឆ្នេរសមុទ្រពិតៗ។ វាគឺជាក្លិបកម្សាន្ត និងសម្រាកលំហែកាយ សម្រាប់ភ្ញៀវទេចរជាតិ និងអន្តរជាតិ និងសម្រាប់គ្រួសារផងដែរ។ អ្នកអាចនាំកូនៗរបស់អ្នកទៅហែលទឹក រត់លែង និងលេងបាល់លើឆ្នេរខ្សាច់នេះផងដែរ។

៥. កញ្ចុះតាមមាត់ទឹក បារាយទឹកថ្លា :

បារាយទឹកថ្លា ឬបារាយខាងលិច គឺជាអាងស្តុកទឹកដ៏ធំល្វឹងល្វើយ (ប្រភពទឹកមកពីភ្នំគូលេន) ដែលបានកសាងឡើងតាំងពីសម័យបុរាណ ក្នុងសតវត្សទី១១។ វាក៏ជាបុរេដ្ឋាន ផ្នែកប្រវត្តិសាស្ត្រដ៏សំខាន់ ដែលមានទំនាក់ទំនងសំណង់ប្រាសាទ និងជីវភាពរស់នៅសម័យបុរាណ។ លើបរិវេណទួលបារាយ មានសំណង់ប្រាសាទចាស់ជាច្រើន ប៉ុន្តែប្រាសាទដែលនៅកោះចំកណ្តាលបារាយ ដែលមានឈ្មោះថា មេបុណ្យខាងលិច មានភាពទាក់ទាញជាងគេ។ បច្ចុប្បន្ន បារាយទឹកថ្លា ក្លាយទៅជារមណីយដ្ឋានពេញនិយមចំពោះភ្ញៀវទេសចរទាំងឡាយសម្រាប់សម្រាកលំហែរកាយ និងងូតទឹកកម្សាន្ត។

៦. សារមន្ទីរជាតិអង្គរ ខេត្តសៀមរាប :

សារមន្ទីរជាតិអង្គរ គឺជាកន្លែងដ៏ពិសេសមួយដែលបានប្រមូលផ្តុំទៅដោយរូបចម្លាក់ព្រះពុទ្ធសាសនា និងហិណ្ឌូសាសនាសំខាន់ៗរាប់ពាន់ ដែលយកមកពីប្រាសាទផ្សេងៗគ្នានៃតំបន់ប្រាសាទអង្គរ ដ៏អច្ឆរិយដើម្បីដាក់បង្ហាញជូនភ្ញៀវទេសចរមកពីគ្រប់តំបន់នៅលើពិភពលោកមកទស្សនា។ ចម្លាក់ និងវត្ថុបុរាណដ៏មានតម្លៃទាំងអស់នេះ ត្រូវបានរកឃើញ និងរក្សាទុកយ៉ាងមានសុវត្ថិភាពដោយអាជ្ញាធរការពារប្រាសាទនៅក្នុងសារមន្ទីរជាតិអង្គរ ចាប់តាំងពីមានការលួចយករូបចម្លាក់ និងវត្ថុបុរាណជាច្រើនទៀតទៅលក់ឱ្យសារមន្ទីរឯកជន និងហាងលក់ដេញថ្លៃ នៅក្នុងបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។ ដូច្នេះ ប្រសិនបើអ្នកចង់ឱ្យកូនរបស់អ្នកបានស្គាល់អំពីវប្បធម៌-អរិយធម៌ដ៏ខ្ពង់ខ្ពស់របស់ជនជាតិខ្មែរកាន់តែទូលំទូលាយ ចូរកុំខកខានចូលទស្សនាសារមន្ទីរជាតិអង្គរ។

៧. រមណីយដ្ឋានធម្មជាតិ បឹងត្រាវកុដិ :

ត្រាវកុដិ គឺជាឈ្មោះបឹងធម្មជាតិមួយដែលឋិតនៅក្នុងភូមិក្រពើ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ចម្ងាយប្រមាណ ២៨គីឡូម៉ែត្រ ភាគឦសានពីទីរួមខេត្តសៀមរាប។ ទីនោះមានបឹងធម្មជាតិមួយដែលមានផ្ទៃទឹកលាតសន្ធឹងនៅរដូវប្រាំងទំហំប្រហែល៣០ហិកតា ព្រមទាំងមានព្រៃធម្មជាតិដ៏ស្រស់ត្រកាលកំពុងទាក់ទាញអ្នកទេសចរយ៉ាង       ខ្លាំង។ ប្រសិនបើលោកអ្នកចង់ទៅកម្សាន្តនៅតំបន់នោះ គឺត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៦ ហើយពេលទៅដល់ម្ដុំអង្គ្រង គឺត្រូវបត់ចូលតាមផ្លូវជាតិលេខ៦៧ សំដៅឆ្ពោះទៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ហ៊ុន សែន គូលែន ឬក៏សាលានគរបាលយោធភូមិភាគទី៤ នោះលោកអ្នកនឹងទៅដល់កន្លែងកម្សាន្តនោះមិខាន។

៨. រមណីយដ្ឋានភ្នំគូលែន :

រមណីយដ្ឋានភ្នំគូលែន ស្ថិតនៅចម្ងាយជាប្រមាណ៦០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ ភ្នំគូលេន មានរមណីដ្ឋានជាច្រើនកន្លែងដូចជា តំបន់ទឹកធា្លក់ ព្រះអង្គធំ វាលស្តេចគំលង់ វាលព្រះសព្វ ព្រះក្រាល និងមានប្រាសាទតូចៗ ធ្វើអំពីឥដ្ឋជាច្រើនទៀតដែលជាស្នាព្រះហស្ថ ព្រះបាទជ័យវរ្មន័ទី២ បានកសាងឡើង។ តំបន់ទឹកធ្លាក់ គឺជាប្រភពដើមរបស់ស្ទឹងសៀមរាប ហូរកាត់កណ្តាលទីរួមខេត្តឆ្ពោះទៅកាន់បឹងទន្លេសាប ដែលមានទឹកថ្លាយង់ជាទីពេញនិយមរបស់អ្នកដំណើរកម្សាន្តក្នុងការមុជទឹកជ្រោះធ្លាក់ទៅប៉ះនឹងថ្មបែកផ្កាតែ្រង។

៩. រមណីយដ្ឋាន ក្បាលស្ពាន :

រមណីយដ្ឋាន ក្បាលស្ពាន គឺជារមណីយដ្ឋានមួយស្ថិតនៅជម្រាលភ្នំគូលែន ខេត្តសៀមរាប។ រមណីយដ្ឋាននេះអាចហៅឈ្មោះម្យ៉ាងទៀតថា «ជ្រលងលិង្គ១០០០» ។ ក្បាលស្ពាន មានទីតាំងស្ថិតនៅស្រុកបន្ទាយស្រី ប្រហែល ៥០គីឡូម៉ែត្រពីក្រុងសៀមរាប និងឃ្លាតឆ្ងាយពីប្រាសាទបន្ទាយស្រីប្រមាណជា១៨គីឡូម៉ែត្រ។ រូបចម្លាក់ជាច្រើននៅលើផ្ទាំងថ្មដែលនៅជុំវិញស្ទឹងក្បាលស្ពាន ភាគច្រើនកសាងឡើងពីសតវត្សទី១១ និងសតវត្សទី១៣។ តំបន់ធម្មជាតិក្បាលស្ពានគ្រប់ដណ្តប់ទៅដោយព្រៃព្រឹក្សាស្រស់បំព្រង មានសំឡេងសត្វបក្សាបក្សី យំរំពងពេញព្រៃ និងមានទឹកធ្លាក់ផងដែរ។

១០. កំពង់ភ្លុក ឬភូមិលិចទឹក :

បើងាកមកមើលតំបន់ទន្លេសាបវិញ កំពង់ភ្លុកគឺជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ។ ភ្ញៀវទេសចរអាចគយគន់សម្រស់ធម្មជាតិព្រៃលិចទឹក ផ្ទះលើទឹករបស់ប្រជាជនមូលដ្ឋាន និងទេសភាពទន្លេសាបដ៏ធំល្វឹងល្វើយ។ បរិយាកាសដ៏ត្រជាក់ និងខ្យល់បរិសុទ្ធធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ភ្លេចអស់ទុក្ខកង្វល់ផ្សេងៗ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://www.reamker.com/khmer-news/3345/

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ