ញ៉ាំទឹកក្រូចឆ្មារនៅពេលព្រឹកព្រលឹម អាចផ្តល់អត្ថប្រយោជន៍សុខភាព

ទំព័រដើម / ញ៉ាំទឹកក្រូចឆ្មារនៅពេលព្រឹកព្រលឹម អាចផ្តល់អត្ថប្រយោជន៍សុខភាព

អត្ថបទព័ត៌មានស្តីពីសុខភាព

ក្រោមប្រធានបទ៖ “ញ៉ាំទឹកក្រូចឆ្មារនៅពេលព្រឹកព្រលឹម អាចផ្តល់អត្ថប្រយោជន៍សុខភាព”

អត្ថបទដកស្រង់ដោយ : គិត សុភ័ក្រ្ត

#MJQE #AmericanInterconSchool

ទឹកក្រូចឆ្មារ ជាភេសជ្ជៈមួយប្រភេទដ៏ពេញនិយមសម្រាប់គ្រប់វ័យ។ ជាក់ស្តែង វីតាមីន C ក៏ដូចជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលមាននៅក្នុងទឹកក្រូចឆ្មារ អាចជួយផ្តល់អត្ថប្រយោជន៍ដល់សុខភាពច្រើនយ៉ាង ជាពិសេសនៅពេលដែលយើងញ៉ាំនៅពេលព្រឹក។ ប្រសិនបើយើងព្យាយាមញ៉ាំទឹកក្រូចឆ្មារជារៀងរាល់ថ្ងៃ នោះយើងនឹងទទួលបានអត្ថប្រយោជន៍៥យ៉ាងដូចខាងក្រោម៖

១. បង្កើនជាតិទឹក :

ទឹកក្រូចឆ្មារ ជាភេសជ្ជៈដ៏ឆ្ងាញ់ពិសារ ដែលអាចជួយបង្កើនការញ៉ាំទឹកកាន់តែច្រើនឡើង ហើយនៅពេលដែលរាងកាយយើងផ្ទុកសារធាតុទឹកគ្រប់គ្រាន់ នោះនឹងអាចជួយជំរុញការរំលាយអាហារ ទ្រទ្រង់សុខភាពស្បែក និងជួយឱ្យមុខងាររាងកាយដំណើរការយ៉ាងរលូន។

២. គ្រប់គ្រងទម្ងន់ :

ជាមួយគ្នានេះដែរ ទឹកក្រូចឆ្មារក៏អាចជួយសម្រកទម្ងន់ដោយធ្វើឱ្យយើងមានអារម្មណ៍ឆ្អែត និងទ្រទ្រង់ដល់ការធ្វើមេតាប៉ូលីស។ កត្តាទាំង២នេះ មានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងទម្ងន់ឱ្យនៅសមល្មម។

៣. ទ្រទ្រង់សុខភាពបេះដូង :

លើសពីនេះ ទឹកក្រូចឆ្មារក៏អាចជួយឱ្យសុខភាពបេះដូងប្រសើរឡើង ដោយជួយធ្វើឱ្យសម្ពាធឈាមចុះទាប ហើយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ព្រមទាំងការពារពីការបំផ្លាញសរសៃឈាមយ៉ាងមានប្រសិទ្ធភាព។

៤. បញ្ចៀសក្រួសតម្រងនោម :

អាស៊ីដ Citric នៅក្នុងក្រូចឆ្មារ អាចជួយបញ្ចៀសការកើតក្រួសតម្រងនោម ដោយបង្កើនកម្រិតស៊ីត្រាតក្នុងទឹកនោម។ យ៉ាងណាមិញ ការញ៉ាំទឹកក្រូចឆ្មារច្រើនជ្រុល អាចរួមចំណែកដល់ការកើតក្រួសតម្រងនោមចំពោះមនុស្សមួយចំនួនទៅវិញ ដោយសារតែសារធាតុ Oxalate នៅក្នុងក្រូចឆ្មារ។

៥. ពង្រឹងប្រព័ន្ធភាពស៊ាំ :

ទឹកក្រូចឆ្មារ ជាប្រភពនៃវីតាមីន C ដែលមានសមត្ថភាពជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យកាន់តែប្រសើរឡើង។ ការញ៉ាំទឹកក្រូចឆ្មារជាទៀងទាត់ អាចជួយឱ្យរាងកាយប្រឆាំងនឹងជំងឺទូទៅមួយចំនួនដូចជា ផ្ដាសាយធម្មតា និងគ្រុនផ្ដាសាយធំ។ ជាងនេះទៅទៀត ទឹកក្រូចឆ្មារក៏អាចជួយជំរុញដល់ការជាសះស្បើយនៃរបួស និងជួសជុលជាលិកាផងដែរ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ