ទំព័រដើម / Apple កំពុងសិក្សាលើបច្ចេកវិទ្យា Body ID ដោយស្កេនខ្លួនមនុស្ស ដើម្បីពិនិត្យសុខភាព
អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត
ក្រោមប្រធានបទ “Apple កំពុងសិក្សាលើបច្ចេកវិទ្យា Body ID ដោយស្កេនខ្លួនមនុស្ស ដើម្បីពិនិត្យសុខភាព ”
អត្ថបទដកស្រង់ដោយ : នឹម សុនីតា
#MJQE #AmericanInterconSchool
យើងទាំងអស់គ្នាសុទ្ធតែដឹងច្បាស់ហើយថា សុខភាពគឺជាកត្តាដ៏សំខាន់ជាងគេបង្អស់ បន្ទាប់ពីសុភមង្គល ឬទ្រព្យសម្បត្តិជាដើម។ ស្រាប់តែកាលពីថ្មីៗនេះ មានព័ត៌មានថ្មីមួយបង្ហាញថា Apple ប្រហែលជាកំពុងសម្លឹងមើលបច្ចេកវិទ្យាសុខភាព និងកាយសម្បទាបន្ថែមទៀត ដែលប្រើប្រាស់ AI ដើម្បីអាចត្រួតពិនិត្យដឹងអំពីភាគរយខ្លាញ់ក្នុងខ្លួន ឬការលូតលាស់របស់សាច់ដុំផងដែរ។ ខណៈដែលបច្ចុប្បន្ននេះ Apple មានការស្កេនក្រយ៉ៅម្រាមដៃ Touch ID និងស្កេនផ្ទៃមុខ Face ID ដើម្បីដោះសោឧបករណ៍ហើយ ប៉ុន្តែ Apple ចង់ប្រើបច្ចេកវិទ្យាស្រដៀងគ្នានេះផ្សេងទៀត ដើម្បីស្កេនអត្តសញ្ញាណគ្រប់ផ្នែកទាំងអស់នៃរាងកាយ ក្នុងគោលបំណងតាមដានកាយសម្បទា និងសុខភាពរបស់អ្នកប្រើប្រាស់ បើយោងតាមប៉ាតង់ថ្មី ដែលបានចុះដោយ Apple កាលពីថ្មីៗនេះ។
ក្រុមហ៊ុនបច្ចេកវិទ្យា Cupertino កំពុងសម្លឹងឆ្ពោះទៅថ្ងៃអនាគតថា វានឹងអាចស្កេនមុខ ក ទ្រូង ដៃ ជើង និងរូបរាងពេញរបស់អ្នកប្រើប្រាស់ ដោយវានឹងអនុញ្ញាតឱ្យអ្នកចូលប្រើឧបករណ៍មួយចំនួន ឬអនុញ្ញាតឱ្យទូរសព្ទរបស់អ្នកប្រាប់អ្នក ថាតើអ្នកគួរបារម្ភអំពីសុខភាពរបស់អ្នក ឬអត់ទេ។ ក្រុមហ៊ុននេះ ក៏កំពុងតែខិតជិតក្នុងការស្វែងរកការធ្វើតេស្តជាតិស្ករដែលមិនប៉ះពាល់ដល់អ្នកជំងឺទឹកនោមផ្អែមឡើយតាមរយៈ Apple Watch កន្លងមក។ ដូចដែលបានកត់សម្គាល់ដំបូងដោយ AppleInsider ផងដែរ បច្ចេកវិទ្យានេះ គឺនឹងវិភាគសមាសភាពរាងកាយមនុស្សដោយផ្អែកលើគំរូរបស់រូបរាងកាយមនុស្សដែលវាត្រូវបានពិនិត្យដោយឧបករណ៍ External Sensor ក៏ដូចជារូបភាពជាលក្ខណៈ infrared ផងដែរ។
Apple បានសាកល្បងប្រើប្រាស់ការស្កេនដោយឧបករណ៍នេះរួចហើយ វាបានកំណត់អត្តសញ្ញាណជម្រៅនៃ ក ចង្កេះ ដៃ និងផ្នែកជាច្រើនទៀតរបស់អ្នកប្រើប្រាស់។ បន្ថែមពីនេះ Apple អាចនឹងសម្លឹងរកមើលការអភិវឌ្ឍប្រព័ន្ធ AI មួយចំនួនរបស់ម៉ាស៊ីន ដើម្បីដំណើរការជាមួយបច្ចេកវិទ្យានេះបាន ដោយវាអាចទាយដឹងអំពីភាគរយខ្លាញ់នៅលើមុខ និងករបស់អ្នកប្រើប្រាស់។
ដូច្នេះ មុខងារនេះអាចឱ្យយើងដឹងពីទិន្នន័យសុខភាព ព្រមទាំងកាយសម្បទាសម្រាប់ការស្វែងយល់អំពីសុខុមាលភាពទូទៅរបស់អ្នកប្រើប្រាស់ ដើម្បីសម្រេចបាននូវគោលដៅសុខភាព ដ៏មានសុខភាពល្អមួយ។ ទោះជាយ៉ាងណាក៏ដោយ យើងមិនទាន់ច្បាស់ទេថាតើមុខងារនេះអាចប្រើបច្ចេកវិទ្យា Body ID នេះ អាចស្កេនបានល្អយ៉ាងណានោះទេ ដោយប្រហែលជាទុកដាក់ឱ្យប្រើនៅលើ iPhone ក្នុងពេលអនាគតក៏ថាបាន។ លើសពីនេះទៀតបច្ចេកវិទ្យានេះ អាចនឹងត្រូវបានបញ្ចូលទៅក្នុងទូរទស្សន៍ឆ្លាតវៃ ឬកុំព្យូទ័រយួរដៃនាពេលខាងមុខផងដែរ៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://cambo-report.com/article/27628