ទំព័រដើម / ការចែកបណ្ណសរសើរដល់សិស្សដែលចូលចិត្តអានសៀវភៅ សម្រាប់ឆមាសទី១ឆ្នាំ២០២៤
នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បណ្ណាល័យ ម៉េងលី ជេ. គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានធ្វើការផ្តល់បណ្ណសរសើរជូនដល់ សិស្សានុសិស្សចូលចិត្តអានសៀវភៅសម្រាប់ឆមាសទី១ ឆ្នាំសិក្សា២០២៣-២០២៤។ កម្មវិធីនេះធ្វើឡើង ដើម្បីជាការលើកទឹកចិត្ត និងអបអរសាទរដល់ប្អូនៗសិស្សានុសិស្ស នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង ដែលតែងតែបានចំណាយពេលក្រៅពីម៉ោងសិក្សា ក្នុងការអានសៀវភៅ ក៏ដូចជាចូលរួមរាល់សកម្មភាពផ្សេងៗនៅក្នុងបណ្ណាល័យយ៉ាងយកចិត្តទុកដាក់ និងគោរពច្បាប់វិន័យរបស់បណ្ណាល័យបានយ៉ាងល្អ។ ជានិច្ចកាលក្នុងមួយឆមាសម្តង បណ្ណាល័យ ម៉េងលី ជេ. គួច តែងតែប្រគល់បណ្ណសរសើរដល់អ្នកដែលចូលចិត្ត អានសៀវភៅ ដើម្បីជាការជំរុញលើកទឹកចិត្ត និងបង្ហាញពីការគាំទ្រដ៏ពេញទំហឹងចំពោះទម្លាប់ដ៏ល្អនេះ។ សិស្សានុសិស្សមានភាពសប្បាយរីករាយ និងត្រេកអរចំពោះការទទួលបានបណ្ណសរសើរដែលបណ្ណាល័យ ម៉េងលី ជេ. គួច បានប្រគល់ជូន។ នេះជាការលើកទឹកចិត្តដ៏សំខាន់ដល់សិស្សានុសិស្ស សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ។
បន្ទាប់ពីទទួលបានបណ្ណសរសើររួចមក ប្អូនៗសិស្សានុសិស្សមានអារម្មណ៍សប្បាយរីករាយ រំភើបជាមួយលោកគ្រូ អ្នកគ្រូ និងមិត្តរួមថ្នាក់របស់ពួកគេ។ តាមរយៈការផ្តល់បណ្ណសរសើរនេះ និងធ្វើឱ្យសិស្សានុសិស្សកាន់តែមានការខិតខំប្រឹងប្រែងជាងមុនក្នុងការអានសៀវភៅក៏ដូចជាការចូលរួមសកម្មភាពនៅក្នុងបណ្ណាល័យថែមទៀត។