តម្លៃនៃផ្កាស្លា

ទំព័រដើម / តម្លៃនៃផ្កាស្លា

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី

ក្រោមប្រធានបទ “តម្លៃនៃផ្កាស្លា”

អត្ថបទដកស្រង់ដោយ : ហេង បូររឿង

#MJQE #AmericaninterconSchool

ផ្កាស្លា ត្រូវបានគេចាត់ទុកថាជាផ្កាដ៏ពិសេសមួយនៅក្នុងទំនៀមទម្លាប់ខ្មែរ ពោលគឺនៅក្នុងពិធីមង្គលការតែម្តង។ ដោយពិធីពិសេសរបស់ពិធីមង្គលការសុទ្ធតែទាក់ទងនឹងផ្កាស្លា ជាពិសេសគឺទំនៀមកាត់ខាន់ស្លា ផ្កាស្លាបី និងបាចផ្កាស្លាជាដើម។ នៅក្នុងនោះ ផ្កាស្លាបី គឺជាស្លាដែលគេចងជាបីដុំ ដាក់ក្នុងកែវបី ឬតម្កល់លើជើងពានបី  ដោយផ្កាស្លាទាំង៣  សុទ្ធតែមានភាពតំណាងរៀងៗខ្លួនដូចជា៖

ផ្កាស្លាទីមួយ : សំណុំផ្កាស្លាមាន២១ទង រុំស្រោបដោយស្លឹកម្លូ២១សន្លឹក ចងផ្អោបដោយអំបោះឆៅពណ៌ស ហើយដោតផ្លែស្លា២១ ជុំវិញពីក្រៅ។ ផ្កាស្លានេះហៅថាផ្កាស្លាច្បង ជានិមិត្តរូបគុណទាំង១២ របស់       ឪពុក។

ផ្កាស្លាទីពីរ : សំណុំផ្កាស្លាមាន១២ទង រុំស្រោបដោយស្លឹកម្លូ១២សន្លឹក ចងផ្អោបដោយអំបោះឆៅពណ៌ស ហើយដោតផ្កាស្លា១២ ជុំវិញពីក្រៅ។ ផ្កាស្លានេះហៅថាផ្កាស្លាកណ្ដាល ជានិមិត្តរូបគុណទាំង១២ របស់    ម្ដាយ។

ផ្កាស្លាទីបី : សំណុំផ្កាស្លាមាន៦ទង រុំស្រោបដោយស្លឹកម្លូ៦សន្លឹក ចងផ្អោបដោយអំបោះឆៅពណ៌ស ហើយដោតផ្លែស្លា៦ ជុំវិញពីក្រៅ។ ផ្កាស្លានេះហៅថាផ្កាស្លាពៅ ជានិមិត្តរូបគុណទាំង៦ របស់បង។

ដោយនៅក្នុងនោះដែរ ផ្កាស្លានៅក្នុងពិធីរៀបមង្គលការក៏សុទ្ធតែមានអត្ថន័យដ៏ធំធេងសម្រាប់គូស្វាមីភរិយាថ្មី ជាពិសេសគឺមនុស្សស្រីតែម្តងដូចជា៖

•  ផ្កាស្លា គឺជាផ្កាមានស្រទាប់ការពារ ដែលឃ្មុំ និងកន្លង់មិនអាចចូលក្រេបលម្អងបាន។ ដូនតាខ្មែរចង់បញ្ជាក់ថា កូនស្រីរបស់គាត់គឺស្អាតបរិសុទ្ធ ស្មោះត្រង់ និងមិនមានអ្នកណាប៉ះពៀរបានទេ ដូចជាផ្កាស្លាដូច្នេះឯង។

•  ផ្កាស្លាក្រអូបមានក្លិនប្រហើរ រសជាតិផ្អែមល្ហែមដូចជាសេចក្ដីស្នេហានៃគូស្រករទាំងពីរ។

•  ផ្កាស្លាដុះជាប់ៗគ្នាដូចគ្រាប់គុជ សម្ដែងអំពីការគោរពបូជាព្រះពុទ្ធ ហើយក៏ផ្ទុកដោយអត្ថន័យនៃការដឹងគុណចំពោះអ្នកដែលផ្តល់កំណើត។

•  ទៀនក្រមួនមួយគូឱ្យកូនប្រុសស្រីក្រាបសំពះ បង្ហាញថាអនាគតទៅនឹងមានបុត្រភ្ញា ត្រូវឱ្យកូនបានរៀនសូត្រ ត្រូវអប់រំកូនឱ្យមានចំណេះដឹង ឱ្យភ្លឺដូចជាពន្លឺទៀនដែលចាំងទម្លុះអន្ធកាល។ ចង់ឱ្យប្តីប្រពន្ធធ្វើខ្លួនដូចទៀនក្រមួនមួយគូហ្នឹងដែលមានពន្លឺរស្មីបំភ្លឺកូនៗ។

•  ប្រពៃណីឱ្យកូនស្រីលាងជើងកូនប្រុស។ កូនប្រុសជាន់លើថ្មមួយដុំ ហើយកូនស្រីយកកន្សែងជូតជើងនោះ។ ដូនតាចង់បង្ហាញថា កូនប្រុសកាលពីនៅលីវធ្លាប់ដើរលេង វាយទាត់ធាត់ ។ល។ ពេលដែលរៀបការចូលមករស់នៅ ត្រូវតាំងចិត្តដូចថ្ម ដែលថ្មនោះតំណាងផែនដី ដែលមិនចេះក្តៅក្រហាយ ជេរស្តី គឺអំណត់ និងអត់ធ្មត់។ ហើយការលាងជើងនោះគឺលាងជម្រះនូវរឿងរ៉ាវពីមុន ឬអ្វីមួយមិនល្អរបស់កូនប្រុសចោលឱ្យអស់។ (កន្លែងខ្លះមិនមានទំនៀមនេះទៀតទេ)។

•  ស្លាកន្សែង គឺម្លូ ស្លា ថ្នាំ កំបោរ ដាក់ចូលគ្នា ពេលយើងទំពារទៅវាចេញពណ៌ក្រហមតែមួយ។ ដូនតាចង់បង្ហាញថា កូនប្រុស និងកូនស្រី មកពីកន្លែងផ្សេងៗគ្នា ឱ្យចេះរួមរស់គ្នាជាធ្លុងមួយដូចជា ម្លូ ស្លា ថ្នាំ កំបោរ អញ្ចឹង៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖

-  ព្រះតេជគុណ វិសុទ្ធោ សួង ប៉ាល់ ធម្មកថិកខេត្តសៀមរាប

-  https://www.knongsrok.com/archives/29887

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ