កម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំជីរវ៉ាន់ស៊ុយ

ទំព័រដើម / កម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំជីរវ៉ាន់ស៊ុយ

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានរៀបចំកម្មវិធីបំណិនជីវិតស្តីពី “ការដាំជីរវ៉ាន់ស៊ុយ” ជូនដល់សិស្សានុសិស្សថ្នាក់ទី២ “ង” វេនព្រឹក និងវេនរសៀល ដែលដឹកនាំដោយអ្នកគ្រូ វន សូរីយ៉ា។
ជាដំបូងអ្នកគ្រូបានបង្ហាញឈ្មោះរុក្ខជាតិដែលត្រូវដាំ សម្ភារៈ និងរៀបរាប់ពីរបៀបដាំជីរវ៉ាន់ស៊ុយយ៉ាងក្បោះក្បាយជូនដល់សិស្សានុសិស្សឱ្យបានដឹង។ បន្ទាប់មកទៀត អ្នកគ្រូបានរៀបរាប់យ៉ាងលម្អិតពីសម្ភារៈ ដែលត្រូវប្រើប្រាស់ក្នុងការដាំជីរវ៉ាន់ស៊ុយជូនដល់សិស្សានុសិស្សស្តាប់ និងបានប្រាប់ពីដំណាក់កាលដាំនីមួយៗ។ ចំពោះដីសម្រាប់ដាំជីរវ៉ាន់ស៊ុយ អ្នកគ្រូបានឱ្យសិស្សជ្រើសរើសដីដែលល្អមានជីជាតិ ជាដីមានលាយជីកំប៉ុស្ត ឬដីល្បាយជាដើម។ ដំណាក់កាលចុងក្រោយ អ្នកគ្រូឱ្យសិស្សយកជីរវ៉ាន់ស៊ុយដាក់ដាំនៅក្នុងផើងដែលបានរៀបចំទុកមុននោះ។ អ្នកគ្រូបានបន្ថែមទៀតថា ដើម្បីឱ្យជីរវ៉ាន់ស៊ុយលូតលាស់បានកាន់តែល្អ យើងមិនត្រូវដាំជីរវ៉ាន់ស៊ុយក្នុងចំនួនច្រើនក្នុងផើងតែមួយនោះទេ ពីព្រោះអាចនាំឱ្យជីរវ៉ាន់ស៊ុយដុះលូតលាស់មិនល្អ ញឹកពេក និងស្រូបយកជីជាតិមិនបានគ្រប់គ្រាន់។ មួយវិញទៀត យើងត្រូវស្រោចទឹកដល់ជីរវ៉ាន់ស៊ុយឱ្យបានគ្រប់គ្រាន់ ហើយដាក់វានៅកន្លែងដែលមានពន្លឺថ្ងៃល្អ ព្រោះរុក្ខជាតិទាំងអស់ត្រូវការពន្លឺព្រះអាទិត្យសម្រាប់ដំណើរការរស្មីសំយោគ។
ក្រោយពីបានស្តាប់អ្នកគ្រូពន្យល់ចប់សព្វគ្រប់ ប្អូនៗសិស្សានុសិស្សទាំងអស់បានចូលរួមជួយដាំជីរវ៉ាន់ស៊ុយជាមួយអ្នកគ្រូក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ និងមានការសហការគ្នាបានយ៉ាងល្អ ហើយសិស្សានុសិស្សទាំងអស់មានសេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើលការលូតលាស់របស់រុក្ខជាតិដែលពួកគេបានដាំ។
កម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំជីរវ៉ាន់ស៊ុយ

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ