ទំព័រដើម / ស្ពាននៃក្តីសង្ឃឹម-សាលារៀន អន្តរទ្វីប អាមេរិកាំង និង មូលនិធិ ម៉េងលី ជេ. គួច
នៅថ្ងៃទី ៣០ ខែកក្កដា នេះ មូលនិធិ ម៉េងលី ជេ. គួច (MJQF) បានរៀបចំកម្មវិធីអំណោយសប្បុរសធម៌ ដើម្បីបរិច្ចាគដល់គ្រួសារកុមារក្រីក្រនៅតំបន់គំនរសំរាម ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភដោយសាលារៀនអន្តរទ្វីបអាមេរិកាំង។ គ្រួសារក្រីក្រនៅតំបន់គំនរសំរាមមានប្រមាណជាង ១០០ គ្រួសារ ដែលមានកុមារចំនួនជាង ២០០ នាក់ ចាប់ពីអាយុ ១ ឆ្នាំដល់ ១៥ ឆ្នាំ ដែលមានជីវភាពខ្វះខាតខ្លាំង។ សម្រាប់ជីវភាពប្រចាំថ្ងៃ ពួកគាត់ត្រូវកាយសំរាមនៅលើគំនរសំរាមពីព្រឹករហូតដល់យប់ ដើម្បីរកនូវរបស់របរដែលអាចលក់បាន ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
ដោយឃើញពីការលំបាក និងភាពខ្វះខាតនេះ មូលនិធិ ម៉េងលី ជេ. គួច ក្រោមការឧបត្ថម្ភដោយសាលារៀនអន្តរទ្វីបអាមេរិកាំង បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់មួយចំនួន។ គួរបញ្ជាក់ផងដែរថា អំណោយសប្បុរសធម៌ដែលបរិច្ចាគទៅកាន់គ្រួសារក្រីក្រ គឺទទួលបានពីសិស្សានុសិស្ស អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃសាលារៀនអន្តរទ្វីបអាមេរិកាំង និងសប្បុរសជនដែលមានទឹកចិត្តក្នុងការចូលរួមបរិច្ចាគទាំងសម្ភារៈ និងថវិកា។
លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានលើកឡើងថា “ការលះបង់ និងចិត្តសប្បុរសធម៌ក្នុងការជួយសហគមន៍របស់យើងបានធ្វើឱ្យព្រឹត្តិការណ៍នេះកើតមានឡើង។ ជាមួយគ្នា យើងអាចធ្វើឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់គ្រួសារទាំងនេះ ដោយផ្តល់ឱ្យពួកគេនូវការគាំទ្រ និងក្តីសង្ឃឹមដែលពួកគេត្រូវការ»។
ប្រសិនបើលោកអ្នកមានចំណង់ចំណូលចិត្តក្នុងការចូលរួមជួយសម្រួលដល់គ្រួសារក្រីក្រ ព្រមទាំងចូលរួមគាំទ្រកម្មវិធីអំណោយសប្បុរសធម៌នេះ សូមទាក់ទងមកកាន់មូលនិធិ ម៉េងលី ជេ. គួច ឬសាលារៀនអន្តរទ្វីបអាមេរិកាំង។ លោកអ្នកអាចជួយចំណែកដ៏សម្បើមណាមួយក្នុងការចូលរួមសប្បុរសធម៌ទៅកាន់គ្រួសារដែលត្រូវការការជួយជ្រោមជ្រែង។