ទំព័រដើម / សៀវភៅ «គួច ម៉េងលី ជាមនុស្សបែបណា?» នឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗនេះ
សៀវភៅ «គួច ម៉េងលី ជាមនុស្សបែបណា?» បានបង្ហាញនូវរឿងរ៉ាវនៃការសិក្សា និងការអង្កេតលម្អិតអំពីសិល្បៈដឹកនាំ និងបុគ្គលិកលក្ខណៈរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលទទួលការគាំទ្រគោរពយ៉ាងទូលំទូលាយពីសាធារណជន! បើទោះជាសៀវភៅនេះមិនប្រើពាក្យ “ជោគជ័យ” ជាចំណងជើងក៏ដោយ ប៉ុន្តែខ្លឹមសាររបស់សៀវភៅនេះបានលាតត្រដាងនូវកត្តាដ៏សំខាន់ៗជាច្រើន ដែលជួយបង្ហាញផ្លូវអ្នកដឹកនាំឱ្យក្លាយជាបុគ្គលឆ្នើម លើ វិស័យអប់រំ មុខជំនួញ និងសុខាភិបាល។ នេះតាមការបង្ហាញឱ្យដឹងពីអ្នកនិពន្ធ យ៉េង ឈាងលី។
សៀវភៅដែលមានកម្រាស់ ៤៥២ ទំព័រ នេះ ត្រូវបាននិពន្ធរួមគ្នាដោយលោក យ៉េង ឈាងលី និងលោក សែម ឫទ្ធី ដែលផ្អែកលើបទពិសោធ ផ្ទាល់ក្នុងការចូលរួមកម្មវិធីសំខាន់ៗជាច្រើនជាមួយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ហើយការចូលរួមដ៏ជិតស្និទ្ធនេះ បានបំផុសឱ្យអ្នកនិពន្ធទាំងពីររូបបាន ចាប់ផ្តើមកត់ត្រា និងសង្កេតយ៉ាងហ្មត់ចត់លើបុគ្គលិកលក្ខណៈ សីលធម៌ ការដឹកនាំ និងទម្លាប់ការងារទៅលើមនុស្សម្នាក់ ដែលទទួលបានការគោរពស្រឡាញ់ពីមនុស្សជាច្រើនគ្រប់ស្ថានភាពសង្គម។
ក្រៅពីការសង្កេតដោយផ្ទាល់ អ្នកនិពន្ធក៏បានសម្ភាសន៍មនុស្សជាច្រើនដែលធ្លាប់ធ្វើការជិតស្និទ្ធជាមួយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាពិសេសបុគ្គលិកជំនិតរបស់លោក។ ទិន្នន័យទាំងនេះ បានធ្វើឱ្យស្នាដៃសៀវភៅថ្មីនេះ ក្លាយជាប្រភពចំណេះដឹងដ៏សម្បូរបែប អាចជាជំនួយសម្រាប់អ្នកដឹកនាំ សហគ្រិន បញ្ញវន្ត និងសិស្សនិស្សិតក្នុងការអភិវឌ្ឍខ្លួនឯង។
អ្នកនិពន្ធ យ៉េង ឈាងលី បានឱ្យដឹងបន្ថែមថា សៀវភៅនេះបង្ហាញពីបុគ្គលិកលក្ខណៈ និងសមត្ថភាពដឹកនាំ ៥១ ចំណុច របស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលត្រូវបានរៀបរាប់ប្រកបដោយចក្ខុវិស័យ។ វាមិនត្រឹមតែជាការសរសេរពិពណ៌នាបុគ្គលម្នាក់ទេ តែជាការផ្តល់ឱ្យមនុស្សគ្រប់រូប ធ្វើការឆ្លុះបញ្ចាំងលើខ្លួនឯង និងរៀនពីគន្លឹះដ៏សំខាន់នៃការដឹកនាំ និងការរីកចម្រើនក្នុងជីវិត។
ក្នុងបរិបទដែលការសម្រេចបាននូវជោគជ័យលើអាជីព ឬមុខជំនួញកាន់តែពិបាកឡើងជារៀងរាល់ថ្ងៃ សំណួរដែលមនុស្សជាច្រើនតែងតែសួរគឺ៖
តើយើងត្រូវធ្វើយ៉ាងដូចម្តេច ទើបជោគជ័យ ហើយទទួលបានការគោរពស្រឡាញ់ពីសាធារណជន?
ចម្លើយសម្រាប់សំណួរនេះ ក៏អាចរកបាននៅក្នុងសៀវភៅ «គួច ម៉េងលី ជាមនុស្សបែបណា?» ដូចគ្នាផងដែរ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញមិត្តអ្នកស្រឡាញ់ការអាន ការសរសេរ សិស្ស និស្សិត និងសាធារណជន សូមចូលរួមដោយសេរី ឱ្យបានច្រើនកុះករក្នុងពិធីសម្ពោធសៀវភៅដែលមានចំណងជើងថា «គួច ម៉េងលី ជាមនុស្សបែបណា? ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចំការដូង ដើម្បីអបអរសាទរ និងគាំទ្រដល់ការអភិវឌ្ឍវប្បធម៌នៃការអាន និងការសរសេរនៅកម្ពុជា។
នៅក្នុងឱកាសនោះដែរ លោកអ្នក ក៏នឹងទទួលបានវណ្ណកម្មថ្មីនេះ ក្នុងម្នាក់ចំនួនមួយក្បាល ហើយថែមទាំងអាចស្នើសុំ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងអ្នកនិពន្ធចុះហត្ថលេខាលើសៀវភៅថែមទៀតផង៕