ផ្នែកសវនកម្មផ្ទៃក្នុង

ទំព័រដើម / ផ្នែកសវនកម្មផ្ទៃក្នុង

 

ក. អំពីផ្នែកសវនកម្មផ្ទៃក្នុង

 

១. តួនាទីរបស់សវនកម្មផ្ទៃក្នុង

នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ គឺជា​ផ្នែក​មួយ​ដែល​មានមុខ​ងារ​គ្រប់គ្រង​ឯករាជ្យ​ និង​មាន​តួនាទី​ក្នុង​ការវាយតម្លៃ​ជាប្រចាំ​ ទៅលើ​ផ្នែក​ដែល​មានមុខ​ងារ​សំ​ខាន់​ៗនៅក្នុង​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ ក្នុង​គោលបំណង​ផ្តល់​អនុសាស​ន៍​ឱ្យ​មានការ​កែ​លម្អ​បន្ថែម​ និង​បន្ថែម​គុណ​តម្លៃ​ ដើម្បី​ពង្រឹង​លើ​ដំណើរការ​គ្រប់គ្រង​អភិបាលកិច្ច​ទូទៅ​ ការគ្រប់គ្រង​ហានិភ័យ​ និង​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង​។

២. ចក្ខុវិស័យ

ចង់​ក្លាយជា​អ្នក​ផ្តល់​សេវាកម្ម​សវនកម្ម​ផ្ទៃក្នុង​ដែល​គួរ​ឱ្យ​ទុកចិត្ត​ និង​ប្រកបដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​។

៣. បេសកកម្ម

បេសកកម្ម​របស់​ផ្នែក​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ គឺ​ផ្តល់​ជូន​ក្រុមប្រឹក្សា​ភិបាល​ និង​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ ខេ​សិន​ ជាមួយនឹង​ការធានា​ថា​ ការអនុវត្ត​ការងារ​របស់​ក្រុមហ៊ុន​ ត្រូវ​បាន​រក្សា​នៅក្នុង​កម្រិត​គួរ​ឱ្យ​ពេញចិត្ត​ ដែល​រួមមាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង​មាន​លក្ខណៈ​រឹងមាំ​ មានប្រសិទ្ធភាព​ មាន​ប្រសិទ្ធ​ផល​ ការគ្រប់គ្រង​ហានិភ័យ​សំ​ខាន់​ៗត្រូវ​បាន​កំណត់សម្គាល់​ និង​ចាត់វិធានការ​ ព្រមទាំង​ច្បាប់​របស់រាជ​រដ្ឋាភិបាល​ គោលនយោបាយ​ និង​នីតិវិធី​របស់​ក្រុមហ៊ុន​កំពុង​ត្រូវ​បាន​អនុវត្ត​តាម​។

៤.គោលការណ៍ និងបទដ្ឋានសវនកម្មផ្ទៃក្នុង

ទី១​ ទំនាស់​ផលប្រយោជន៍​៖ នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ គួរ​ចៀសវាង​ទំនាស់​ផលប្រយោជន៍​គ្រប់​ពេល​។ គាត់​គួរតែ​រក្សា​អាកប្ប​កិរិយា​មិន​លម្អៀង អព្យាក្រឹត​ សុចរិត​ភាព​ និង​មាន​វិធី​សាស្រ្ត​ច្បាស់លាស់​ ដើម្បី​ធ្វើការ​ និង​ប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​កត្តា​ដែល​អាច​បង្ក​ឱ្យ​មាន​ទំនាស់​ផលប្រយោជន៍​។

ទី២​ សិទ្ធិ​៖ ផ្អែកលើ​គោលបំណង​សវនកម្ម​ និង​អនុលោម​តាម​ស្តង់ដា​សវនកម្ម​ផ្ទៃក្នុង​ ក្រុមហ៊ុន​ត្រូវ​តែ​អនុញ្ញាត​ឱ្យ​សវនករ​ផ្ទៃក្នុង​មាន​សិទ្ធិ​ពេញលេញ​ គ្រប់គ្រាន់​ និង​មិនកំណត់​ ទៅលើ​មុខងារ​ទាំងអស់​របស់​ក្រុមហ៊ុន​ ក្នុង​ការ​ត្រួតពិនិត្យ​លើ​ទីកន្លែង​ការងារ​ ទ្រព្យសម្បត្តិ​ បុគ្គលិក​ កំណត់ត្រា​ ឯកសារ​ និង​ព័ត៌មាន​ផ្សេង​ៗទៀត​ដែល​ នាយក​សវនកម្ម​ផ្ទៃក្នុង​ គិតថា​ចាំបាច់ក្នុង​ការអនុវត្ត​សកម្មភាព​សវនកម្ម​ផ្ទៃក្នុង​។

ទី៣​ ការ​រក្សា​ការសម្ងាត់​៖ នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ នឹង​ធានា​ការសម្ងាត់​ពេញលេញ​នៃ​ព័ត៌មាន​ទាំងអស់​ដែល​ទាក់ទង​នឹង​ការងារ​របស់​ខ្លួន​។ ព័ត៌មាន​សម្ងាត់​អាច​ត្រូវ​បាន​ចែករំលែក​នៅ​ខាងក្នុង​ និង​ខាងក្រៅ​បាន​ ដោយមាន​ការអនុញ្ញាត​ផ្ទាល់​ពី​ ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​ ឬប្រសិនបើ​មាន​តម្រូវការ​ស្របច្បាប់​សម្រាប់​ក្រុមហ៊ុន​។ ក្នុងករណី​ណាមួយ​មានការ​រំលោភ​លើ​គោលការណ៍​នេះ​ អាច​នឹង​មាន​វិធានការ​វិន័យ​រហូតដល់​មានការ​បណ្តេញ​ចេញ​ចំពោះ​បុគ្គលិក​ដែល​ពាក់ព័ន្ធ​នោះ​។

ទី៤​ វត្ថុបំណង​ និង​មិន​លម្អៀង​៖ វត្ថុបំណង​ និង​មិន​លម្អៀងមាន​សារៈសំខាន់​ចំពោះ​ប្រសិទ្ធភាព​នៃ​មុខងារ​សវនកម្ម​ផ្ទៃក្នុង​។ វត្ថុបំណង​មានន័យថា​ អាកប្ប​កិរិយា​ផ្លូវចិត្ត​ និង​វិជ្ជាជីវៈ​មិន​លម្អៀង​ ដែល​អនុញ្ញាត​ឱ្យ​សវនករ​ផ្ទៃក្នុង​ធ្វើស​វន​កម្ម​ដោយ​គ្មាន​ការសម្រប​សម្រួល​លើ​គុណភាព​សវនកម្ម​។ គោលការណ៍​នៃ​វត្ថុបំណង​នេះ​ បាន​កំណត់​ទៅលើ​កាតព្វកិច្ច​របស់​សវនករ​ផ្ទៃក្នុង​ទាំងអស់​ ដើម្បី​ឱ្យ​មាន​តម្លាភាព​ និង​មាន​ភាព​ស្មោះត្រង់​។ វត្ថុបំណង​តម្រូវ​ឱ្យ​សវនករ​ទាំងអស់​ ធ្វើ​សេចក្តី​វិនិច្ឆ័យ​លើ​បញ្ហា​សវនកម្ម​ ដោយ​មិន​ស្ថិតនៅ​ក្រោមបង្គាប់​របស់​ផ្នែក​ផ្សេង​ទ្បើយ​។

ទី៥​ សមត្ថភាព​វិជ្ជាជីវៈ​៖ ត្រូវ​រក្សា​បាន​នូវ​ស្តង់ដាខ្ពស់​ នៃ​សមត្ថភាព​ វិជ្ជាជីវៈ​ និង​ភាព​ស្មោះត្រង់​ ឱ្យ​បាន​សមស្រប​តាម​ទំនួល​ខុសត្រូវ​ និង​មុខងារ​របស់​គាត់​។ គាត់​ត្រូវតែ​ប្តេជ្ញា​ចិត្ត​ទទួលយក​ឱ្យ​បាន​នូវ​កម្រិតខ្ពស់​បំផុត​នៃ​ជំនាញ​វិជ្ជា​ជី​វៈ​ ដែល​រួមមាន​ទាំង​ផ្នែក​បច្ចេកទេស​ និង​ផ្នែក​ក្រមសីលធម៌​ តាមរយៈ​ការ​ផ្តល់​សិទ្ធិបន្ត​ក្នុង​ការ​អភិវឌ្ឍ​ខ្លួនឯង​។ គាត់​ត្រូវតែ​បន្ត​ការ​អភិវឌ្ឍ​ចំណេះដឹង​ ជំនាញ​ និង​សមត្ថ​ភាព​ផ្សេង​ៗ ដែល​ត្រូវការ​ប្រើ​សម្រាប់​អនុវត្ត​ទំនួល​ខុសត្រូវ​របស់​ខ្លួន​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ទ្បើង​នូវ​គុណភាព​សវនកម្ម​។

៥. គណនេយ្យភាព

នាយកដ្ឋានសវនកម្មផ្ទៃក្នុង មានទំនួលខុសត្រូវចំពោះក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ដើម្បី៖

ទី១​៖ ផ្តល់​ការវាយតម្លៃ​លើ​ភាព​គ្រប់គ្រាន់​ និង​ប្រសិទ្ធភាព​នៃ​ដំណើរការ​ក្រុមហ៊ុន​ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ ក្នុង​ការគ្រប់គ្រង​សកម្មភាព​ និង​ហានិភ័យ​ ដែល​ស្ថិតនៅ​ក្នុង​បេ​សកម្ម​ និង​វិសាលភាព​ការងារ​របស់​សវនកម្ម​ដែល​បាន​កំណត់​។
>ទី២​៖រាយការណ៍​ពី​បញ្ហា​សំ​ខាន់​ៗទាក់ទង​នឹង​ដំណើរការ​សម្រាប់​ការគ្រប់គ្រង​សកម្មភាព​របស់​ ក្រុមហ៊ុន​ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ រួមមាន​ទាំង​ការ​កែ​លម្អ​សំខាន់​ៗ នៃ​ដំណើរការ​ទាំងនោះ​។
ទី៣​៖ ធានា​នូវ​ប្រសិទ្ធភាព​ និង​ប្រសិទ្ធ​ផល​នៃ​ការអនុវត្ត​ផ្នែក​ហិរញ្ញវត្ថុ​ និង​ផ្នែក​ប្រតិបត្តិ​ការ​។
ទី៤​៖ ធានា​ឱ្យ​មានការ​អនុលោម​តាម​គោលនយោបាយ​ នីតិវិធី​ ច្បាប់​ និង​បទបញ្ញត្តិ​នានា​។
ទី៥​៖ ការពារ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​។

ខ.រចនាសម្ពន្ធ

គ. សេវាកម្មសវនកម្មផ្ទៃក្នុង

១. ដំណើរការសវនកម្មផ្ទៃក្នុង

ដំណើរការ​សវនកម្ម​ត្រូវ​បាន​បែងចែក​ជា​ ៤ ដំណាក់កាល​ គឺ​ការ​ធ្វើ​ផែនការ​សវនកម្ម​ ការ​ប្រតិបត្តិ​ការ​សវនកម្ម​ របាយការណ៍​សវនកម្ម​ និង​ការ​តាមដាន​សវនកម្ម​។ សម្រាប់​ដំណាក់កាល​នី​មួយ​ៗមាន​លក្ខណៈ​វិនិច្ឆ័យ​ជាក់លាក់​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ធ្វើស​វន​កម្ម​ ប្រកបដោយ​ជោគជ័យ​។

ទី១៖ ការធ្វើផែនការសវនកម្ម

សវនកម្ម​តម្រូវ​ឱ្យ​មាន​ផែនការ​ល្អ​។ ការ​ធ្វើ​ផែនការ​តម្រូវ​ឱ្យ​មានការ​ស្វែងយល់​អំពី​ គោលបំណង​ដំណើរការ​ការងារ​ ហានិភ័យ​ នីតិវិធី​គ្រប់គ្រង​របស់​សវនដ្ឋាន​ សកម្មភាព​ដែល​ត្រូវ​ធ្វើស​វន​កម្ម​ ការបង្កើត​យុទ្ធសាស្ត្រ​ និង​វិធី​សាស្រ្ត​ក្នុង​ការ​ធ្វើស​វន​កម្ម​។ ទាំងនេះ​ គឺជា​ផ្នែក​សំខាន់​បំផុត​នៃ​ការ​ធ្វើស​វន​កម្ម​ឱ្យ​បាន​ជោគជ័យ​។ ការ​ធ្វើស​វន​កម្ម​ប្រកបដោយ​ភាព​ជោគជ័យ​នេះ​ អាច​សម្រេច​បាន​ដោយ​អាស្រ័យ​លើ​កម្រិត​នៃ​ការរៀបចំ​ផែនការ​សវនកម្ម​បាន​ល្អ​កម្រិត​ណា​?

សេចក្តី​សង្ខេប​នៃ​ដំណាក់កាល​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ធ្វើ​ផែនការ​សវនកម្ម​៖

 • ការយល់ដឹងអំពីឯកសារ និងកម្មវិធី។
 • កំណត់គោលបំណងសវនកម្ម វិសាលភាព លក្ខខណ្ឌ និងភ័ស្តុតាង។
 • កំណត់ធនធានមនុស្ស គោលដៅសំខាន់ៗ និងកាលបរិចេ្ឆទត្រូវបញ្ចប់ការធ្វើសវនកម្ម។
 • បង្កើតផែនការសវនកម្ម និងកម្មវិធីសវនកម្ម។
 • កំណត់សូចនាករនៃការអនុវត្តសំខាន់ៗ (KPIs) នៃការធ្វើសវនកម្ម។
 • ការអនុម័តលើផែនការសវនកម្ម កម្មវិធីការងារសវនកម្ម និងសូចនាករនៃការអនុវត្តសំខាន់ៗ (KPIs)។

ការ​ធ្វើ​ផែនការ​ គឺជា​ដំណើរការ​ដែល​មាន​គោលបំណង​សំ​ខាន់​ៗដូច​ខាងក្រោម​៖

 • ស្វែងយល់ពី នីតិវិធីក្នុងការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងការគ្រប់គ្រងក្រុមហ៊ុន។
 • ការកំណត់អំពីវិសាលភាព និងគោលបំណងនៃសវនកម្ម។
 • ការបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការធ្វើផែនការថវិកា (រយៈពេល ចំណាយ និងបុគ្គលិក)។
 • ការកំណត់ភ័ស្តុតាងដែលត្រូវការ ដើម្បីសរសេររបាយការណ៍សវនកម្ម។
 • ការជួយក្នុងការជ្រើសរើស ឬកំណត់នីតិវិធីសវនកម្ម។
 • ការបង្កើតដំណើរការសម្រាប់សហការជាមួយបុគ្គលិក។

ការ​ធ្វើ​ផែនការ​សវនកម្ម​ គឺជា​ដំណាក់កាល​ទី៣​ នៃ​ការ​ធ្វើ​ផែនការ​ បន្ទាប់ពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ និង​ផែនការ​ការងារ​ប្រចាំឆ្នាំ​។ ការ​ធ្វើ​ផែនការ​សវនកម្ម​នេះ​ វា​ពាក់ព័ន្ធ​ទៅ​នឹង​ការចុះបញ្ជី​សកម្មភាព​សវនកម្ម​ នៅក្នុង​ផែនការ​សវនកម្ម​នី​មួយ​ៗ ដោយ​ផ្អែកលើ​ផែនការ​សវនកម្ម​ប្រចាំឆ្នាំ​។ លទ្ធផល​នៃ​ការ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​ ដែល​មានប្រសិទ្ធភាព​បាន​ លុះត្រាតែ​មានការ​កំណត់​អំពី​ ការប្រែប្រួល​នៃ​ធាតុ​ដំណើរការ​ នីតិវិធី​គ្រប់គ្រង​ ប្រព័ន្ធ​ និង​ដំណើរការ​ការងារ​។

ទី២៖ ការប្រតិបត្តិការសវនកម្ម

ការប្រតិបត្តិ​ការ​សវនកម្ម​ គឺ​ត្រូវ​បាន​ចាប់ផ្តើម​ឡើង​ ជាមួយនឹង​ការ​បើក​ការប្រជុំ​នៅ​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​ចុះ​ធ្វើ​ប្រតិបត្តិ​ការ​សវនកម្ម​រវាង​សវនករ​ផ្ទៃក្នុង​ និង​សវនដ្ឋាន​ ដើម្បី​ពិភាក្សា​ផ្តោត​លើ​តម្រូវការ​ និង​ពេលវេលា​នៃ​ការ​ធ្វើស​វន​កម្ម​។ វា​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​បច្ចេកទេស​ និង​នីតិវិធី​សវនកម្ម​ ដែល​បាន​រាប់បញ្ចូល​ក្នុង​កម្មវិធី​ការងារ​សវនកម្ម​ ដើម្បី​ប្រមូល​ទិន្នន័យ​ និង​ប្រភេទ​នៃ​ភ័ស្ដុ​តាង​ ដើម្បី​សម្រេច​គោលបំណង​សវនកម្ម​ដែល​បាន​កំណត់​។ ក្នុង​អំឡុង​ពេល​ប្រតិបត្តិ​សវនកម្ម​ ប្រសិនបើ​សវនករ​រក​ឃើញថា​មាន​តម្រូវការ​កែប្រែ​កម្មវិធី​ការងារ​សវនកម្ម​ នោះ​រាល់​ការ​ផ្លាស់​ប្តូរ​ត្រូវតែ​ដាក់​ជូន​នាយក​សវនកម្ម​ផ្ទៃក្នុង​ ដើម្បី​សុំ​ការយល់ព្រម​ និង​អនុម័ត​។ នាយក​សវនកម្ម​ផ្ទៃក្នុង​ ប្រើប្រាស់​កម្មវិធី​ការងារ​សវនកម្ម​ ដើម្បី​ត្រួតពិនិត្យ​ និង​តាមដាន​វឌ្ឍនភាព​នៃ​ការ​ធ្វើស​វន​កម្ម​ និង​ពិនិត្យមើល​ថា​តើ​ បុគ្គលិក​សវនកម្ម​កំពុង​បាន​បង្កើត​ភ័ស្តុតាង​គ្រប់គ្រាន់​ និង​សមស្រប​ទេ​។ សេចក្តី​សង្ខេប​នៃ​ជំហាន​ពាក់ព័ន្ធ​នឹង​ការប្រតិបត្តិ​ការ​សវនកម្ម​មាន​ដូច​ខាងក្រោម​៖

 • ការបើកការប្រជុំនៅថ្ងៃដំបូង នៃថ្ងៃចុះធ្វើប្រតិបត្តិការសវនកម្ម។
 • ធ្វើសវនកម្មលើការអនុលោមភាព។
 • ធ្វើសវនកម្មលើការរៀបចំប្រព័ន្ធ ឬដំណើរការការងារ។
 • ការបិទការប្រជុំនៅថ្ងៃចុងក្រោយ នៃថ្ងៃចុះធ្វើប្រតិបត្តិការសវនកម្ម។

ទី៣៖ របាយការណ៍សវនកម្ម

របាយការណ៍សវនកម្ម ជាលទ្ធផលនៃការប្រតិបត្តិសវនកម្ម ការវិភាគ និងការពិចារណាដែលធ្វើទ្បើងនៅក្នុងពេលធ្វើសវនកម្ម។ របាយការណ៍សវនកម្ម បានកំណត់ទ្បើងដោយការចងក្រងនូវចំណុចខ្វះខាតជាច្រើនដែលបានរកឃើញ និងបានកត់ត្រាដោយមានទម្រង់របាយការណ៍ច្បាស់លាស់ ដោយរួមមានទាំងភស្តុតាង និងអនុសាសន៍ផងដែរ។​ សេចក្តីសង្ខេបនៃជំហានពាក់ព័ន្ធនឹងការប្រតិបត្តិការសវនកម្មមានដូចខាងក្រោម៖

 • ការចងក្រងរបាយការណ៍ពីចំណុចខ្វះខាតដែលបានរកឃើញ។
 • ការសរសេរអនុសាសន៍របស់សវនករផ្ទៃក្នុង។
 • រៀបចំសេចក្តីព្រាងរបាយការណ៍សវនកម្ម។
 • ពិភាក្សាសេចក្តីព្រាងរបាយការណ៍ ជាមួយអ្នកគ្រប់គ្រងតាមផ្នែក។
 • រៀបចំ និងចេញរបាយការណ៍សវនកម្មចុងក្រោយ។
 • ការចែកចាយរបាយការណ៍ ដោយជូនចំពោះ៖
  • ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ
  • លោកអគ្គនាយកប្រតិបត្តិការ
  • លោកប្រធាន នៃមជ្ឈមណ្ឌល ភាសា អេ អាយ អាយ
  • លោកស្រីប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង
  • គណៈគ្រប់គ្រងជាន់ខ្ពស់
  • ប្រធានផ្នែក។

ទី៣៖.ការតាមដានសវនកម្ម

ការ​តាមដាន​ គឺជា​សកម្មភាព​ត្រួតពិនិត្យ​ និង​ផ្តល់​យោបល់​ ដែល​ត្រូវ​បាន​អនុវត្ត​ ដើម្បី​ធានា​បាន​នូវ​វិសាលភាព​ និង​ភាព​គ្រប់គ្រាន់​នៃ​សកម្មភាព​បង្ការ​ ឬកែតម្រូវ​ ដែល​បាន​ធ្វើឡើង​ដោយ​គណៈគ្រប់គ្រង​ ដើម្បី​ដោះស្រាយ​នូវ​ភាព​ខ្វះខាត​មួយចំនួន​ ដែល​បាន​រក​ឃើញ​នៅក្នុង​ពេល​ធ្វើស​វន​កម្ម​។ វា​មាន​គោលបំណង​ក្នុង​ការ​តាមដាន​លើ​ការអនុវត្ត​ នៃ​អនុសាសន៍​របស់​សវនករ​ដែល​បាន​ផ្តល់​ជូន​ និង​បាន​ព្រមព្រៀង​គ្នា​ ដើម្បី​ប្រាកដ​ថា​បាន​កែតម្រូវ​ត្រឹមត្រូវ​។ សេចក្តី​សង្ខេប​នៃ​ជំហាន​ពាក់ព័ន្ធ​នឹង​ការ​តាម​សវនកម្ម​មាន​ដូច​ខាងក្រោម​៖

 • ត្រួតពិនិត្យលើការអនុវត្ត ក្នុងការកែតម្រូវចំណុចខ្វះខាត និងអនុសាសន៍របស់សវនករដែលបានព្រមព្រៀងគ្នា។
 • ដោះស្រាយទ្បើងវិញ សម្រាប់ការរកឃើញនូវការមិនអនុវត្តតាម ឬការអនុវត្តមិនបានគ្រប់គ្រាន់តាមអនុសាសន៍របស់សវនករ។
 • រៀបចំរបាយការណ៍តាមដានសវនកម្ម។

ឃ. ប្រភេទសវនកម្ម

សេវាកម្ម​ទាំងនេះ​អាច​ត្រូវ​បាន​អនុវត្ត​រួមគ្នា​ជាមួយនឹង​ប្រភេទ​សវនកម្ម​ណាមួយ​ដែល​បាន​ពិពណ៌នា​ដូច​ខាងក្រោម​៖

ការធ្វើសវនកម្មប្រចាំឆ្នាំ

ការ​ធ្វើស​វន​កម្ម​ ឬការពិនិត្យ​ឡើងវិញ​ ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​ដោយ​អនុលោម​តាម​តម្រូវការ​បទបញ្ញត្តិ​ ឬអាណត្តិ​របស់​ក្រុមប្រឹក្សា​ភិបាល​។ ក្នុងករណី​ជាក់លាក់​ ដើម្បី​សម្រេច​បាន​នូវ​ប្រសិទ្ធភាព​ សវនកម្ម​ទាំងនេះ​អាច​ត្រូវ​បាន​អនុវត្ត​ទ្វេដង​។ ការ​ធ្វើស​វន​កម្ម​ទាំងនេះ​ ត្រូវ​បាន​អនុវត្ត​ជាទូទៅ​នៅចន្លោះ​ពេល​ដែល​មានការ​សំណូមពរ​ពី​ថ្នាក់​គ្រប់គ្រង​ ដើម្បី​ស្នើសុំ​ធ្វើស​វន​កម្ម​ជាក់លាក់​ណាមួយ​ ឬនៅ​ពេល​ដែល​មានការ​បារម្ភ​លើ​ហានិភ័យ​មានកម្រិត​ខ្ពស់​ នៅក្នុង​សកម្មភាព​ការងារ​ណាមួយ​។

ការ​ធ្វើ​ផែនការ​សវនកម្ម​ គឺជា​ការ​តំណាង​ការអនុវត្ត​ការងារ​សវនកម្ម​មួយ​ដែល​មាននៅ​ក្នុង​ផែនការ​ប្រតិបត្តិ​ការ​សវនកម្ម​ នៅក្នុង​ឆ្នាំ​បច្ចុប្បន្ន​។ ជាទូទៅ​ផែនការ​ធ្វើស​វន​កម្ម​ ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រភេទ​សវនកម្ម​មួយ​ ឬច្រើន​ ដែល​មាន​ចែង​ដូច​ខាងក្រោម​៖

១. ការធ្វើសវនកម្មមានវិសាលភាពពេញលេញ

 • សវនកម្ម​អនុលោម​ភាព​៖ ជា​ការវាយតម្លៃ​លើ​កម្រិត​នៃ​ការ​អនុលោម​តាមច្បាប់​ បទបញ្ញត្តិ​ និង​គោលការណ៍​គ្រប់គ្រង​ និង​នីតិវិធី​ប្រតិបត្តិ​ការ​ ដែល​មាននៅ​ក្នុង​ផ្នែក​នី​មួយ​ៗ ចំ​ណុ​ចទាំងនោះ​រួមមាន​ការ​អនុលោម​តាម​វិធានការណ៍​គណនេយ្យ​ភាព​ បទដ្ឋាន​ក្រមសីលធម៌​ និង​កាតព្វកិច្ច​នៃ​កិច្ចសន្យា​។ សវនកម្ម​ប្រភេទ​នេះ​ គឺជា​ផ្នែក​ដំបូង​ហើយ​សំខាន់​មួយ​នៃ​ប្រភេទ​សវនកម្ម​គ្រប់គ្រង​ និង​ប្រភេទ​សវនកម្ម​ប្រតិបត្តិ​ការ​។
 • សវនកម្ម​គ្រប់គ្រង​៖ ការវាយតម្លៃ​ដាច់ដោយឡែក​មួយ​ពី​ប្រសិទ្ធភាព​ នៃ​ការ​ត្រួតពិនិត្យ​ផ្ទៃក្នុង​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​នៅ​តាម​ផ្នែក​នី​មួយ​ៗ ដើម្បី​កំណត់​ថា​តើ​ពួកគេ​សម្រេច​បាន​នូវ​គោលបំណង​ នៃ​ការ​ត្រួតពិនិត្យ​នៅក្នុង​រយៈពេល​ណាមួយ​ ឬនៅ​ក្នុង​កាលបរិច្ឆេទ​ជាក់លាក់​មួយ​។
 • សវនកម្ម​ប្រតិបត្តិ​ការ​៖ ជា​ការវាយតម្លៃ​ដាច់ដោយឡែក​មួយ​លើ​លទ្ធផល​ ដំណើរការ​ការងារ​ និង​ធាតុ​នៃ​ដំណើរការ​ការងារ​នី​មួយ​ៗ ដើម្បី​កំណត់​ថា​តើ​ប្រតិបត្តិ​ការ​ កម្មវិធី​ និង​គម្រោង​របស់​ក្រុមហ៊ុន​មាន​ប្រសិទ្ធភាព​ មាន​ប្រសិទ្ធ​ផល​ មាន​ក្រមសីលធម៌​ និង​មាន​លក្ខណៈ​សេដ្ឋកិច្ច​។
 • សវនកម្ម​ហិរញ្ញវត្ថុ​៖ ជា​ការវិភាគ​សកម្មភាព​សេដ្ឋកិច្ច​ (ដូចជា​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​) ដើម្បី​ដឹង​ថា​ប្រតិបត្តិ​ការ​ទាំងនោះ​បាន​វាស់វែង​ និង​បាន​រាយការណ៍​ត្រឹមត្រូវ​តាមវិធី​សាស្ត្រ​គណនេយ្យ​។
 • សវនកម្ម​ព័ត៌មាន​វិទ្យា​៖ ជា​ការពិនិត្យ​ និង​វាយតម្លៃ​លើ​ហេដ្ឋារចនាសម្ពន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ គោលនយោបាយ​ និង​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​។ សវនកម្ម​នេះ​ ត្រូវ​បាន​ចាត់ទុកថា​ជា​ដំណើរការ​នៃ​ការ​ប្រមូល​ និង​វាយតម្លៃ​ភស្តុតាង​ ដើម្បី​កំណត់​ថា​តើ​ប្រព័ន្ធ​កុំព្យូទ័រ​ ការ​ការពារ​ទ្រព្យសម្បត្តិ​ និង​ការ​រក្សាទុក​ទិន្នន័យ​បាន​ត្រឹមត្រូវ​ ដែល​ធ្វើ​ឱ្យ​គោលបំណង​របស់​ក្រុមហ៊ុន​សម្រេច​បាន​ដោយ​ប្រសិទ្ធភាព​ និង​ប្រើប្រាស់​ធនធាន​ដោយ​ប្រសិទ្ធ​ផល​។

សម្រាប់​ប្រភេទ​នៃ​សវនកម្ម​នី​មួយ​ៗ គឺ​បាន​ញែក​គោលដៅ​ និង​គោលបំណង​ដាច់​ពីគ្នា​។ ការ​ធ្វើស​វន​កម្ម​ទាំងនេះ​ អាច​រួមមាន​ប្រភេទ​នៃ​សវនកម្ម​នី​មួយ​ៗ ដោយ​ផ្អែក​តាម​វិសាលភាព​នៃ​ការងារ​សវនកម្ម​ដែល​បាន​កំណត់​សម្រាប់​ធ្វើស​វន​កម្ម​។

ភាពញឹកញាប់ នៃការធ្វើសវនកម្ម
ការធ្វើសវនកម្ម អាចធ្វើទ្បើង៖

 • ជាប្រចាំឆ្នាំ។
 • តាមកាលកំណត់ដូចជា៖ រៀងរាល់ ២ ទៅ៣ ឆ្នាំម្តង ដោយផ្អែកលើកម្រិតហានិភ័យ។

២. ការធ្វើសវនកម្មមានវិសាលភាពកំណត់

ការធ្វើសវនកម្មមានវិសាលភាពកំណត់ កើតមានតាមរយៈ៖

 • ការស្នើសុំជាពិសេស ដោយគណៈគ្រប់គ្រងក្រុមហ៊ុន ឬដោយក្រុមប្រឹក្សាភិបាល។
 • ការស៊ើបអង្កេតលើដំណើរការការងារ នៃផ្នែកមួយ ដែលមានកម្រិតហានិភ័យខ្ពស់ ។
 • ការស៊ើបអង្កេតលើករណីគៃបន្លំដែលអាចកើតមាន បានកំណត់សំគាល់ដោយអ្នកគ្រប់គ្រង។
 • វិសាលភាពការងារ ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងសំណូមពរជាក់លាក់។

ភាពញឹកញាប់ នៃការធ្វើសវនកម្ម៖

 • អាស្រ័យលើការស្នើសុំ។

៣. សេវាកម្មប្រឹក្សា

សេវាកម្ម​ប្រឹក្សា​ គឺ​ទាក់ទង​ជាមួយនឹង​ការ​ ផ្តល់​យោបល់​កែ​លម្អ​លើ​ដំណើរការ​ការងារ​ នៃ​ប្រតិបត្តិ​ការ​ថ្មី​របស់​ក្រុមហ៊ុន​។ សវនករ​ផ្ទៃក្នុង​ ចូលរួម​ក្នុង​សកម្មភាព​ប្រតិបត្តិ​ការ​ថ្មី​ទាំងនេះ​ ក្នុង​តួនាទី​ពិគ្រោះ​យោ​បល់​ផ្សេង​ៗដែល​ពាក់ព័ន្ធ​នឹង​ការពិនិត្យ​ឡើងវិញ​ អំពី​ប្រសិទ្ធភាព​ និង​ប្រសិទ្ធ​ផល​ នៃ​នីតិវិធី​ត្រួតពិនិត្យ​ផ្ទៃក្នុង​ និង​ប្រតិបត្តិ​ការ​របស់​សកម្មភាព​ប្រតិបត្តិ​ការ​ថ្មី​ដែល​កំពុង​បង្កើត​ទ្បើង​។ សវនករ​ផ្ទៃក្នុង​ តែងតែ​ផ្តល់​គំនិត​យោបល់​ដល់​ផ្នែកដែល​កំពុង​បង្កើត​ដំណើរការ​ការងារ​ថ្មី​នោះ​ តាមរយៈ​ការ​ផ្តល់​ជា​យោបល់​ឱ្យ​បង្កើត​នីតិវិធី​ដែល​មាន​លក្ខណៈ​ ការពារ​ទុកជាមុន​ នៅក្នុង​ដំណាក់កាល​កំពុង​បង្កើត​ថ្មី​ ដើម្បី​គ្រប់គ្រង​គុណភាព​ការងារ​។ ការអនុវត្ត​បែបនេះ​ វា​ធ្វើ​ឱ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ការដែល​បាន​ដាក់​ឱ្យ​នីតិវិធី​ទាំងនោះ​បាន​ដំណើរការ​ហើយ​ ទើបតែ​មានការ​ផ្តល់​ជា​យោបល់​ឱ្យ​មានការ​ផ្លាស់​ប្តូរ​វិញ​។

វិសាលភាព​គម្រោង​ទាំងនេះ​ នឹង​មានការ​ប្រែប្រួល​ទៅតាម​គំនិត​ផ្តួចផ្តើម​នៃ​ការ​ផ្តល់​យោបល់​។ ការចូលរួម​ក្នុង​ការ​ផ្តល់​យោបល់​លើ​ដំណើរការ​ថ្មី​ទាំងនេះ​ ជួយ​ឱ្យ​សវនកម្ម​ផ្ទៃក្នុង​ សម្រេច​ដោយ​ផ្ទាល់​នូវ​បេសកកម្ម​របស់​ខ្លួន​ ក្នុង​ការ​ផ្តល់​នូវ​សកម្មភាព​ពិគ្រោះ​យោបល់​ដែល​មាន​គោលបំណង​ច្បាស់លាស់​ ដើម្បី​បន្ថែម​តម្លៃ​ និង​កែ​លម្អ​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ