គុណតម្លៃដ៏លើសលប់ពីការបង្កើតឱកាសដំណើរកម្សាន្តជាមួយគ្រួសាររបស់អ្នក

ទំព័រដើម / គុណតម្លៃដ៏លើសលប់ពីការបង្កើតឱកាសដំណើរកម្សាន្តជាមួយគ្រួសាររបស់អ្នក

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត និងការអប់រំ 
ក្រោមប្រធានបទ “គុណតម្លៃដ៏លើសលប់ពីការបង្កើតឱកាសដំណើរកម្សាន្តជាមួយគ្រួសាររបស់អ្នក”
អត្ថបទដកស្រង់ដោយ : ភី ភារីន
#MJQE #AmericanInterconSchool 

ក្នុងមួយឆ្នាំ តើអ្នកដើរកម្សាន្តជាមួយនឹងក្រុមគ្រួសារបានប៉ុន្មានដងដែរ? តើមានដឹងឬទេថា ដំណើរកម្សាន្តជុំគ្រួសារមានអត្ថប្រយោជន៍បែបណាខ្លះដល់អ្នក និងក្រុមគ្រួសារ? តោះ! ដើម្បីបានដឹងកាន់តែច្បាស់សូមបន្តអានខាងក្រោមនេះជាមួយគ្នា។

១. កាត់ស្ត្រេសជាលក្ខណៈគ្រួសារ : ត្រង់នេះចង់សំដៅដល់ពេលដែលគ្រប់គ្នាសុទ្ធតែអាចសម្រាកពីកាតព្វកិច្ចប្រចាំថ្ងៃ ហើយមិនបាច់បារម្ភច្រើនពីការនៅមើលថែទាំផ្ទះ ឬបារម្ភច្រើនអំពីគ្នា ព្រោះបាននៅជុំគ្នាតែម្តង។

២. ពង្រឹងទំនាក់ទំនងក្នុងគ្រួសារ : ប្រាកដណាស់! ថ្ងៃធម្មតាទោះបីនៅក្រោមដំបូលតែមួយ តែមិនប្រាកដថាមានពេលច្រើននៅជាមួយគ្នា ឬស្វែងយល់ពីគ្នាឡើយ ព្រោះតែរវល់រៀងខ្លួន។ ដូចនេះហើយ នៅពេលមានឱកាសបានដើរលេងជុំគ្នា អ្នកក៏អាចយល់ពីគ្នាបានកាន់តែច្រើន ជាពិសេសបន្ថយគម្លាតរវាងគ្នាផងដែរ។

៣. ជាពេលវេលាសម្រាកលំហែពិតៗ : បើដើរលេងផ្សេងគ្នា ប្រាកដជាមានអ្នកខ្លះត្រូវនៅមើលថែផ្ទះហើយ ប៉ុន្តែពេលដើរលេងជាមួយគ្នាបែបនេះ អាចឱ្យអ្នកចែករំលែកបន្ទុកគ្នា ដោយទម្លាក់ចោលនូវកាតព្វកិច្ចការងារប្រចាំថ្ងៃសិន ហើយរីករាយនឹងពេលវេលាដ៏មានតម្លៃជាមួយគ្នា។

៤. បង្កើតអនុស្សាវរីយ៍ល្អៗ : មិនថានៅជិត ឬឆ្ងាយទេ ដំណើរកម្សាន្តជុំគ្រួសារតូច ឬធំនឹងក្លាយជាការចងចាំដ៏ល្អ ដែលមិនងាយនឹងបំភ្លេចបាន ហើយគួរជាទីនឹករលឹកជាទីបំផុត។

៥. ងាយស្រួលបត់បែន : បើដើរជាមួយមិត្តភក្តិ ឬក្រុមការងារ ត្រូវខ្លាចចិត្តគេច្រើនជាងអ្នកផ្ទះខ្លួនឯង។ ចំពោះគ្រួសារអ្នកអាចសុំពន្យារពេល អាចលើសលួសគ្នាខ្លះ ឬក៏អាចបត់បែនគម្រោងខ្លះៗ ដោយមិនសូវចាំបាច់ក្រែងចិត្តខ្លាំង។
៦. បង្ហាត់បង្រៀនក្មេងតូចៗបានច្រើន : សម្រាប់គ្រួសារដែលមានក្មេង ពេលដែលអ្នកនាំពួកគេដើរលេង អ្នកក៏ដូចជាបានបង្រៀនពួកគេនូវមេរៀនជីវិតពិតជាក់ស្តែង ដែលមិនមានបង្រៀននៅសាលា។ ពួកគេអាចស្គាល់សង្គមខាងក្រៅបានច្រើន រៀនពីអ្វីដែលថ្មី មានភាពក្លាហាន និងជំនឿជាក់លើខ្លួនឯងក្នុងការចូលប្រលូកក្នុងសង្គម។

៧. ទទួលបានសិទ្ធិ ឬការផ្តល់ជូនពិសេស : ភាគច្រើន មានកញ្ចប់កាដូ ឬតម្លៃពិសេសសម្រាប់គ្រួសារ ជាក់ស្តែងដូចជាតម្លៃរាងធូរបន្តិច មានការផ្តល់សិទ្ធិអាទិភាពករណីមានក្មេងតូច ឬចាស់ជរាជាដើម។

៨. ពង្រឹងការធ្វើការផែនការគ្រួសារ : បើមានគម្រោងច្បាស់លាស់ទុកមុន អ្នកប្រាកដជាប្រឹងប្រែងរៀបចំផែនការគ្រប់ផ្នែក ទាំងផែនការហិរញ្ញវត្ថុ ផែនការថ្ងៃឈប់សម្រាកប្រចាំឆ្នាំ។ល។ ដែលនឹងធ្វើឱ្យអ្នករឹតតែម៉ត់ចត់ និងច្បាស់លាស់ចំពោះផែនការគ្រួសាររបស់អ្នក។

៩. មិនមានអារម្មណ៍ឯកា : ជាអារម្មណ៍ដែលប្លែកពីការធ្វើដំណើរតែម្នាក់ឯង ព្រោះមិនថានៅទីណា ពេលណា អ្នកក៏មានមនុស្សដែលតែងតែស្រលាញ់អ្នកនៅក្បែរ ចែករំលែកគ្រប់រសជាតិទាំងអស់ក្នុងដំណើរកម្សាន្តរបស់អ្នក។ 

បើមានសារប្រយោជន៍ដ៏ច្រើនលើសលប់យ៉ាងនេះ ដូច្នេះបើទោះបីជាមិនបានញឹកញាប់ អ្នកគួរតែចំណាយពេលខ្លះ ដើរលេងជាមួយក្រុមគ្រួសាររបស់អ្នកដើម្បីទាញយកអត្ថប្រយោជន៍ដែលបានរៀបរាប់ខាងលើនេះឱ្យបានកាន់តែច្រើន ដើម្បីភាពសុខដុមរមនានៃគ្រួសាររបស់អ្នកផងណា៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://infotainment.ams.com.kh/news/advantage-farmily-trip/

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ