ទំព័រដើម / ការិយាល័យនីតិកម្ម
ការិយាល័យនីតិកម្មត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០១៨។ ការិយាល័យនេះ គឺធ្វើរបាយការណ៍ទៅស្ថានិក លោកប្រធាន និងអគ្គនាយកប្រតិបត្តិ។ ការិយាល័យនេះ គឺជាផ្នែកមួយនៃរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនដែលត្រូវបង្កើតឡើងក្នុងគោលដៅផ្តល់នូវការជួយកិច្ចការស្របច្បាប់ផ្សេងៗដល់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដើម្បីធានាថារាល់សកម្មភាពអាជីវកម្មផ្សេងៗនឹងពុំមានបញ្ហាកើតឡើងដោយប្រការណាមួយឡើយ។ ការិយាល័យនីតិកម្ម ជាការិយាល័យដែលមានតួនាទីធ្វើការសិក្សា និងចងក្រងនូវឯកសារ ឬសម្ភារៈដែលពាក់ព័ន្ធផ្សេងៗក្នុងគោលបំណងចែកចាយព័ត៌មាន និងផ្តល់នូវចំណេះដឹងផ្សេងៗដល់បុគ្គលិក និងថ្នាក់ដឹកនាំរបស់ស្ថាប័ន។ ម៉្យាងទៀត ការិយាល័យនេះក៏ជាអ្នករៀបចំទុកដាក់ផងដែរនូវរាល់ឯកសារនានាទំាងលិខិតស្នាមឯកជន និងឯកសារផ្សេងៗទៀតដែលពាក់ព័ន្ធជាមួយប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងលក្ខខណ្ឌមួយប្រកបដោយសន្តិសុខ និងសុវត្ថិភាព។
បេសកម្មរបស់ការិយាល័យនេះ គឺលៃត្រូវធ្វើយ៉ាងណាធានានូវរាល់ទម្រង់នៃការងារប្រតិបត្តិការអាជីវកម្មផ្សេងៗឱ្យស្របនឹងច្បាប់ និងគោលការណ៍ផ្សេងៗរបស់ក្រុមហ៊ុន និងព្រះរាជាណាចក្រកម្ពុជាក្នុងគោលដៅធានាថាគ្រប់ផ្នែកផ្សេងៗនៃអាជីវកម្មមានដំណើរការប្រកបដោយប្រសិទ្ធភាព។ ដើម្បីសម្រេចបានបេសកម្មរបស់ខ្លួន ការិយាល័យនីតិកម្ម មានទស្សនវិស័យទៅលើការពង្រឹង និងលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ដែលពាក់ព័ន្ធជាមួយប្រតិបត្តិការបស់ក្រុមហ៊ុន ព្រមទាំងបង្កើតនូវគោលការណ៍ផ្សេងៗដើម្បីជួយដល់ការអនុវត្តការងារ និងប្រតិបត្តិការរបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការិយាល័យនីតិកម្ម មានជំនឿយ៉ាងមុតមាំក្នុងការបំពេញការងារប្រកបដោយគុណភាពខ្ពស់ ភាពស្មោះត្រង់ សុចរិតភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមានការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីឱ្យការិយាល័យនេះក្លាយជាការិយាល័យដែលមានទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន។