សហគមន៍នៃសាលារៀន អន្តរទ្វីប អាមេរិកាំង យើង

ទំព័រដើម / សហគមន៍នៃសាលារៀន អន្តរទ្វីប អាមេរិកាំង យើង

សហគមន៍នៃសាលារៀន អន្តរទ្វីប អាមេរិកាំង យើង

បំណង​នៃ​បេសកកម្ម​អប់រំ​របស់​យើង​ គឺ​ដើម្បី​ជួយ​ដល់​កូន​ៗ និង​ប្រជាពលរដ្ឋ​ទូទៅ​ឱ្យ​មាន​វឌ្ឍនភាព​នៅក្នុង​ប្រទេស​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ របស់​យើង​ដែល​បច្ចុប្បន្ន​មាន​ដប់​សាខា​នៅ​ក្រុងភ្នំពេញ​ និងតាមបណ្តាលខេត្តផ្សេងៗគឺជា​សហគមន៍​អប់រំ​មួយ​ដែល​ធ្វើការ​ជាមួយគ្នា​ដោយ​ភាព​ស្អិត​រមួត​ ប្រៀប​ដូចជា​មនុស្ស​នៃ​គ្រួសារ​តែមួយ​។ ទាំង​សិស្សានុសិស្ស​ ឪពុក​ម្តាយ​ អ្នកអាណាព្យាបាល​ និង​លោកគ្រូ​ អ្នកគ្រូ​របស់​យើង​មាន​អារម្មណ៍​ទទួលការ​ស្វាគមន៍​ និង​ចូលរួម​សហការ​គ្នា​ប្រកបដោយ​ភាតរភាព​។ ហើយ​យើង​ចង់ឱ្យ​សាលារៀន​យើង​ឱ្យ​ក្លាយជា​សមាជិក​អភិវឌ្ឍ​ដ៏​សកម្ម​នៅក្នុង​សង្កាត់​ ខណ្ឌ​ ក្រុង​ និង​ប្រទេស​ដើម្បី​ឱ្យ​មានការ​រីកចម្រើន​នៅ​តាម​សហគមន៍​នី​មួយ​ៗ។

សហគមន៍នៃសាលារៀនយើង

នៅពេល​លោកអ្នក​ និង​​កូន​ៗរបស់​លោកអ្នក​ចូលរួម​ក្នុង​សហគមន៍​អប់រំ​នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង ​របស់​យើង​ លោកអ្នក​ និង​កូន​ៗនឹង​ត្រូវ​បាន​ស្វាគមន៍​ក្នុង​សហគមន៍​យ៉ាង​កក់ក្តៅ​។ លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការ​ជួយ​លោកអ្នក​ និង​ពួកគាត់​ក្នុង​ទិដ្ឋភាព​នៃ​ជីវិត​អប់រំ​នៅ​សាលារៀន​ អន្តរទ្វីប​។ សាលារៀន​យើង​ គឺជា​មជ្ឈមណ្ឌល​អប់រំ​សម្រាប់​សហគមន៍​របស់​ពួកគាត់ ហើយ​មាន​ព្រឹត្តិ​ការណ៍​ និង​សកម្មភាព​ដ៏​មានតម្លៃ​ជាច្រើន​សម្រាប់​ពួកគាត់​ដូចជា​ កម្មវិធី​អប់រំ​ពិសេស​ កម្មវិធី​ប្រកួត​ប្រជែង​ផ្សេង​ៗ កម្មវិធី​ជំនាញ​ថ្ងៃសៅរ៍​ កម្មវិធី​ទស្សនកិច្ច​ កម្មវិធី​វប្បធម៌​ និង​កម្មវិធី​សង្គម​ជាដើម​។

ការគាំទ្រសហគមន៍នៃ​មូលដ្ឋានរបស់យើង

ក្រៅតែ​អំពី​ការ​ផ្តល់​នូវ​ការអប់រំ​ប្រកបដោយ​គុណភាព​ យើង​ក៏​មានកម្ម​វិធី​វិនិយោគ​ ឬជួយ​សហគមន៍​របស់​យើង​ផង​ដែរ​ ដែល​ជា​គំនិត​ផ្តួចផ្តើម​ដើម្បី​សកម្មភាព​សប្បុរសធម៌​។ យើង​គិតថា​សាលារៀន​ គឺជា​ផ្នែក​សំខាន់​មួយ​នៃ​សហគមន៍​។ ហើយ​សាខា​នៃ​សាលារៀន​យើង​ទាំងអស់​ តែងតែ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ក្លាយជា​សមាជិក​សកម្ម​ក្នុង​ការ​ជួយ​សហគមន៍​នៃ​មូលដ្ឋាន​របស់​ពួកគាត់​នី​មួយ​ៗ។ សិស្សានុសិស្ស​ អ្នកអាណាព្យាបាល​ បុគ្គលិក​ និង​លោកគ្រូ​ អ្នកគ្រូ​របស់​យើង​តែងតែ​បរិច្ចាគ​ពេលវេលា​ដ៏​មានតម្លៃ​ សម្ភារៈ​ និង​ធនធាន​របស់​ពួកគាត់ដើម្បី​គាំទ្រ​គម្រោង​ សប្បុរសធម៌​ និង​សហគមន៍​របស់​យើង​។ ទាំងនេះ​ជា​ទង្វើ​ដ៏​ថ្លៃថ្លា​ និង​ជា​គំរូ​សម្រាប់​សង្គមជាតិ​ទាំងមូល​ ហើយក៏​ជា​ការ​បង្ហាញ​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រជាពលរដ្ឋ​នៃ​សហគមន៍​ និង​សាខា​នៃ​សាលារៀន​យើង​ផង​ដែរ​។

គម្រោងសហគមន៍របស់យើង

  • សាលា​បាន​បង្កើត​កម្មវិធី​សប្បុរសធម៌​ដើម្បី​សហគមន៍​មួយ​នៅ​ខែកញ្ញា​ ឆ្នាំ២០១៨​ ដោយធ្វើ​ការ​រៃអង្គាស​តាមឆន្ទៈ​ និង​លទ្ធភាព​នូវ​ថវិកា​ សម្ភារ​សិក្សា​ តុ​ កៅអី​គ្រូ​ ធុងសម្រាម​ បង់​អង្គុយ​ និង​ដើមផ្កា​ ព្រមទាំង​ដឹកនាំ​សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​ដែល​ស្ម័គ្រចិត្ត​ទៅ​ធ្វើ​សួនច្បារ​ លាបថ្នាំ​ក្លោងទ្វារ​ បង្អួច​ និង​ទ្វារ​នៅ​សាលា​ទួល​សូភី​ ដែល​ជា​សហគមន៍​ក្រីក្រ​មួយ​នៅ​ខេត្តកណ្តាល​។ គោលបំណង​នៃ​កម្មវិធី​សប្បុរសធម៌​នេះ​គឺ​ដើម្បី​បណ្តុះ​វប្បធម៌​ និង​របៀប​ធ្វើការ​នៅ​សហគមន៍​ជាក់ស្តែង​ដល់​កូន​ៗ ព្រមទាំង​ចង់ឱ្យ​ពួកគាត់មានបទពិសោធលើ​ការងារ​ផ្នែក​នេះ​ ដែល​ជា​តម្រូវការ​សម្រាប់​លក្ខខណ្ឌ​មួយ​នៃ​អាហារ​រូបករណ៍​សិក្សា​នៅ​ក្រៅប្រទេស​។ ម្យ៉ាងទៀត​ ជាសកម្ម​ភាព​ប្រកបដោយ​អត្ថន័យ​សម្រាប់​សង្គម​ និង​សម្រាប់​ពិភពលោក​ផង​ដែរ​។
  • នៅ​តាម​សាខា​នី​មួយ​ៗ សាលារៀន​យើង​បាន​បង្កើត​ហិប​សប្បុរសធម៌​ សម្រាប់​លើកទឹកចិត្ត​ និង​គាំទ្រ​ដល់​សិស្សានុសិស្ស​ក្នុង​ការ​បរិច្ចាគ​នូវ​ថវិកា​ ឬសម្ភារៈ​ដែល​គ្រួសារ​ ឬពួកគាត់​ឈប់​ប្រើ​ដែល​មាន​ដូចជា​ ស្បែកជើង​ សៀវភៅ​ សម្លៀកបំពាក់​ កង់​ ថវិកា​ ឬសម្ភារៈផ្សេង​ៗទៀត​ទៅតាម​លទ្ធភាព​របស់​ពួកគាត់​នី​មួយ​ៗដើម្បី​សាលា​យក​ទៅ​ជួយ​ដល់​សហគមន៍​នៃ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅក្នុង​ប្រទេស​។
  • រៀងរាល់​កម្មវិធី​តាំងពិព័រណ៍​ កម្មវិធី​វប្បធម៌​ ឬកម្ម​វិ​ធី​ផ្សេង​ៗ សាលា​តែងតែ​បណ្តុះ​គំនិត​សប្បុរសធម៌​ដល់​កូន​ៗដោយ​រៀបចំ​ឱ្យ​ពួកគាត់លក់​ចំណីអាហារ​ ភេសជ្ជៈ​ ឬសម្ភារៈ​ផ្សេង​ៗដើម្បី​យក​ប្រាក់ចំណេញ​ជួយ​ដល់​សហគមន៍​ក្រីក្រ​។ សកម្មភាព​នេះ​ សាលា​មានបំណង​ចង់​បណ្តុះ​នូវ​គំនិត​មនុស្សធម៌​ និង​ការ​ចេះ​ធ្វើ​ និង​គ្រប់គ្រង​អាជីវកម្ម​ (ខ្នាត​តូច​) និង​របៀប​ធ្វើការងារ​ជា​ក្រុម​ផង​ដែរ​។
  • ជាមួយ​ដំណើរ​ទស្សនកិច្ច​ប្រចាំឆ្នាំ​សិក្សា​នៃ​សិស្សានុសិស្ស​ សាលារៀន​ អន្តរទ្វីប​ អាមេរិក តែងតែ​ផ្សារភ្ជាប់​ជានិច្ច​នូវ​សកម្មភាព​សប្បុរសធម៌​នៅ​សហគមន៍​ ដោយ​បំផុស​ដល់​កូន​ៗដែល​ត្រូវ​ធ្វើទស្សនកិច្ច​សិក្សា​ឱ្យ​រៀបចំ​តាម​ឆន្ទៈ​ និង​លទ្ធភាព​របស់​ពួកគាត់​នី​មួយ​ៗនូវ​សម្ភារ​សិក្សា​ សម្លៀកបំពាក់​ នំ​ ឬអំ​ណោយ​ផ្សេង​ៗដើម្បី​ផ្តល់​ជូន​ដល់​សិស្សានុសិស្ស​នៃ​សាលារៀន​នៅ​សហគមន៍​ក្រីក្រ​នៅ​តាម​បណ្តោយ​ផ្លូវ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​យើង​។ សកម្មភាព​នេះ​ផង​ដែរ​ ក្រៅអំពី​ការ​ផ្សារភ្ជាប់​នូវ​ការយល់​ដឹង​ជាក់ស្តែង​នៅ​តំបន់​ទស្សនកិច្ច​ កូន​ៗត្រូវ​បាន​បណ្តុះ​គំនិត​សប្បុរសធម៌​ដែល​ជាសកម្ម​ភាព​ដ៏​ថ្លៃថ្លា​សម្រាប់​សង្គម​ និង​ពិភពលោក​។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ